ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានប្រគល់សោរមាសសម្រាប់ចាក់ចូលសេតវិមាន ដល់សមភាគីកូរ៉េខាងត្បូង ដើម្បីជាការទទួលស្គាល់អំពីទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ។ នេះបើតាមនការចុះផ្សាយពីសារព័ត៌មាន Yonhap។

យោងតាមលោក Kang Hoon-sik ប្រធានបុគ្គលិករបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung បានប្រកាសថា លោក Lee គឺជាមនុស្សទី៥ ហើយដែលទទួលបានសោរមាសចាក់សេតវិមាន ពីសំណាក់លោក ដូណាល់ ត្រាំ។ នេះគឺជាកាយវិការតបស្នងវិញរបស់ប្រធានាធិបតីអាមេរិករូបនេះ បន្ទាប់ពីទទួលបានអំណោយពីមុនរបស់លោក Lee ដែលជាម្កុដមាសចម្លង Cheonmachong ។
គួរឲ្យដឹងថាសោរមាសនេះ ត្រូវបានរចនាដោយលោកប្រធានាធិបតី ត្រាំ ផ្ទាល់ ត្រូវបានដាក់ក្នុងប្រអប់ឈើមួយយកគំរូតាមសេតវិមាន ដែលមានសរសេរលើសោរនោះថា “សោរទៅកាន់សេតវិមាន”។ វាគឺជាអំណោយដ៏ពិសេសពីសំណាក់មេដឹកនាំអាមេរិក ដល់បុគ្គលជិតស្និទ្ធបំផុតមួយ ដែលបញ្ជាក់ថាពួកគេអាចចូលទៅកាន់សេតវិមាននៅពេលណាក៏បាន។
ជម្រាបជូនថា លោក ត្រាំ ពីមុនក៏ធ្លាប់បានប្រគល់សោរមាសចាក់ចូលសេតវិមាននេះ ដល់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu អតីតនាយករដ្ឋមន្ត្រីជប៉ុន Taro Aso មហាសេដ្ឋី Elon Musk និងតារាបាល់ទាត់ Cristiano Ronaldo ផងដែរ៕

