រុស្ស៊ី ចាយលុយជាង ១២ពាន់លានដុល្លារ ដើម្បីរក្សាវិស័យ​អាកាសចរណ៍​ខ្លួនឲ្យមានដង្ហើម

អន្តរជាតិ

រុស្ស៊ី បានផ្តល់ប្រាក់ឧបត្ថម្ភ និងកម្ចីជាង ១២ពាន់លានដុល្លារ ដើម្បីរក្សាវិស័យអាកាសចរណ៍របស់ខ្លួនឲ្យនៅដំណើរការ ចាប់តាំងពីមានការដាក់ទណ្ឌកម្មពីសំណាក់ប្រទេសលោកខាងលិច ជុំវិញការចូលលុកលុយទៅលើប្រទេសអ៊ុយក្រែនមក ដោយបានកាត់ផ្តាច់ការផ្គត់ផ្គង់ផ្នែកសំខាន់ៗ និងសេវាថែទាំ នៅក្នុងវិស័យនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយនឹងការពឹងផ្អែកខ្លាំងទៅលើយន្តហោះដែលផលិតពីបរទេស រុស្ស៊ីកំពុងប្រឈមមុខនឹងភារកិច្ចដ៏លំបាកបំផុត ក្នុងការអភិវឌ្ឍឧស្សាហកម្មអាកាសចរណ៍របស់ខ្លួនតែម្នាក់ឯង ជាមួយនឹងការព្យាយាមប្រើប្រាស់គ្រឿងបន្លាស់ក្នុងស្រុក ។

គួរឲ្យដឹងថា ក្រុមហ៊ុនផលិតយន្តហោះរបស់ប្រទេសលោកខាងលិច ដូចជា Airbus និង Boeing បានបញ្ឈប់ការផ្គត់ផ្គង់ផ្នែកសេវាកម្ម និងគ្រឿងបន្លាស់របស់ពួកគេមកកាន់រុស្ស៊ី ចាប់តាំងពីក្នុងខែមីនា ឆ្នាំ ២០២២ មកម្លេះ។

ចាប់តាំងពីពេលនោះមក ប្រទេសរុស្ស៊ីបានចំណាយថវិកាផ្ទាល់ខ្លួនប្រមាណ ១,០៩ទ្រីលានរូបល (១២,០៧ពាន់លានដុល្លារ) ដើម្បីគាំទ្រដល់ឧស្សាហកម្មអាកាសចរណ៍ស៊ីវិលក្នុងស្រុក រួមទាំងការផលិតយន្តហោះផ្ទាល់ខ្លួន និងការផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ទាំងនោះផងដែរ។

ទន្ទឹមនឹងនេះ ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីសប្តាហ៍មុនថា ៖”ក្រុមហ៊ុនជើងហោះហើររបស់យើងកំពុងមានសម្ពាធជាទម្ងន់ ដោយសារតែការពឹងផ្នែកខ្លាំងចំពោះយន្តហោះផលិតពីបរទេស។ តែយើងគ្រោងនឹងផលិតយន្តហោះផ្ទាល់ខ្លួនឲ្យបានជាង ១ ០០០ គ្រឿងនៅឆ្នាំ ២០៣០ ខាងមុខ ដែលនេះគឺជាការងារដ៏ចាំបាច់បំផុត”។

ជម្រាបជូនផងដែរថា យោងតាមទីភ្នាក់ងារផ្តល់សេវាចារកម្មអាកាសចរណ៍ស្វីស ch-aviation បានបង្ហាញឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ីបច្ចុប្បន្នដំណើរការយន្តហោះចំនួន ៩៩១ គ្រឿង ដោយក្នុងនោះមាន ៤០៥ គ្រឿង ជាយន្តហោះដែលផលិតនៅក្នុងប្រទេសរុស្ស៊ីផ្ទាល់៕