រដ្ឋាភិបាលរបស់ប្រទេសជប៉ុន នៅថ្ងៃទី២៦ ខែធ្នុ បានឈានដល់ការអនុម័តថវិកាជាតិបំបែកកំណត់ត្រា សម្រាប់ឆ្នាំសារពើពន្ធខាងមុខ ដើម្បីចំណាយទៅលើអ្វីៗគ្រប់បែបយ៉ាង រាប់ចាប់តាំងពីវិស័យការពារជាតិ រហូតដល់ការចំណាយកាន់តែច្រើនលើសន្តិសុខសង្គម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ថវិកាសរុបចំនួន ១២២,៣ទ្រីលានយ៉េន (៧៨២ពាន់លានដុល្លារ) សម្រាប់ឆ្នាំសារពើពន្ធខាងមុខដែលគិតចាប់ពីខែមេសា ឆ្នាំ២០២៦ តទៅ នឹងរួមបញ្ចូលថវិកាប្រហែល ៩ទ្រីលានយ៉េនបន្ថែមទៀត សម្រាប់ការចំណាយទៅលើវិស័យការពារជាតិ ខណៈពេលដែលនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi មានគោលបំណងពន្លឿនការធ្វើឲ្យប្រសើរឡើងនៃយោធារបស់ខ្លួន ចំពេលកំពុងមានភាពតានតឹងជាមួយប្រទេសចិន។
មិនតែប៉ុណ្ណោះ ក្នុងចំណោមថវិកាដ៏ច្រើនលើសលប់ នឹងត្រូវបែងចែកមួយផ្នែកទៀត សម្រាប់ការកសាងប្រព័ន្ធការពារឆ្នេរសមុទ្រ SHIELD ផងដែរ ដែលនឹងត្រូវដាក់ពង្រាយយន្តហោះគ្មានមនុស្សបើក ដើម្បីទប់ស្កាត់ការឈ្លានពានណាមួយដោយកងព័ទបរទេស។
គួរឲ្យដឹងថា ថវិកាដែលកំពុងត្រូវបានពង្រីកនេះ បានកើតឡើងនៅពេលដែលទីផ្សារកំពុងមានការព្រួយបារម្ភអំពីគោលនយោបាយចំណាយដ៏ធំរបស់លោកស្រី Takaichi ដែលបន្ថែមទៅលើបំណុលសាធារណៈរបស់ប្រទេសជប៉ុនបន្ថែមទៀត។
ជម្រាបជូនផងដែរថា បច្ចុប្បន្នប្រទេសជប៉ុនមានសមាមាត្របំណុលធៀបទៅនឹងផលិតផលក្នុងស្រុកសរុប (GDP) ធំបំផុតក្នុងចំណោមប្រទេសសេដ្ឋកិច្ចធំៗ ផ្សេងទៀត ដែលត្រូវបានគេព្យាករថានឹងឈានដល់ ២៣២,៧% នៅឆ្នាំនេះ ។នេះបើយោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)៕

