កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានចាប់ផ្ដើម ដើម្បីស្វែងរកបទឈប់បាញ់ និងការបញ្ឈប់នូវរាល់អរិភាពតាមបណ្តោយព្រំដែន

សង្គម​ និង​សេដ្ឋកិច្ច

លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានប្រព្រឹត្តទៅនៅម៉ោង ៩:៣០នាទីព្រឹក នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តចន្ទបុរី ប្រទេសថៃ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា និងថៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ បានឱ្យដឹងបន្ថែមថា គណៈប្រតិភូកម្ពុជា ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅ (GBC)។  គណៈប្រតិភូថៃ ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅ (GBC)។

អ្នកនាំពាក្យក្រសួងការពារជាតិ សង្កត់ធ្ងន់ថា កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) នេះធ្វើឡើង ដើម្បីស្វែងរកបទឈប់បាញ់ និងការបញ្ឈប់នូវរាល់អរិភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) នាពេលនេះនឹងបង្កើតបាននូវបទឈប់បាញ់មួយដែលអាចអនុវត្តបាន និងផ្តល់ឱកាសដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់អាចត្រលប់ទៅរកទីលំនៅរបស់ខ្លួនដែលស្ថិតក្នុងទីតាំងដែលមានសុវត្ថិភាព និងជំរុញឱ្យប្រទេសទាំងពីរបន្តអនុវត្តយន្តការដែលមានស្រាប់ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី៕