សម្តេចតេជោ ហ៊ុន សែន៖ តំបន់ឆ្នេរកម្ពុជាដើរតួនាទីក្នុងការទាក់ទាញវិនិយោគជំរុញកំណើនសេដ្ឋកិច្ចជាតិ

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីបើកមហាសន្និបាត លើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក នៅសណ្ឋាគារឆ្នេរសុខា ក្នុងក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១០ ខែធ្នូនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងនៅក្នុងពិធីបើកមហាសន្និបាតនោះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការចូលជាសមាជិកពេញសិទ្ធិក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ស្ដែងឱ្យឃើញពីរបត់ថ្មីនៃការប្រែប្រួល មុខមាត់ជាបន្តបន្ទាប់របស់តំបន់សមុទ្រកម្ពុជា ទាំងលើទិដ្ឋភាពសង្គម-សេដ្ឋកិច្ច, ទេសចរណ៍, នគរូបនីយកម្ម និងបរិស្ថាន ដែលជាកត្តាកំណត់លើការទទួលស្គាល់ជាអន្តរជាតិនៃឆ្នេរសមុទ្រកម្ពុជា។

បើតាមសម្តេចតេជោ ហ៊ុន សែន ការណ៍នេះ បានធ្វើឱ្យតំបន់ឆ្នេរកម្ពុជាអាចដើរតួនាទីយ៉ាងសំខាន់ ក្នុងការទាក់ទាញវិនិយោគសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងត្រូវបានចាត់ទុកថាជាគោលដៅទេសចរណ៍ធម្មជាតិ ដ៏មានភាពទាក់ទាញ និងប្រកបដោយភាពប្រកួតប្រជែងខ្ពស់នៅកម្ពុជា និងក្នុងតំបន់ ព្រមទាំង ជាគោលដៅទេសចរណ៍ដ៏ធំ បន្ទាប់ពីតំបន់បេតិកភណ្ឌវប្បធម៌-ប្រវត្តិសាស្ត្រសៀមរាប-អង្គរ និងរាជធានីភ្នំពេញ។

សូមជម្រាបថា ឆ្នេរសមុទ្រកម្ពុជា ត្រូវបានបញ្ចូលជាសមាជិកពេញសិទ្ធិក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ក្នុងអង្គមហាសន្និបាតលើកទី ៧ របស់ក្លឹបកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ នៅទីក្រុងតូបាកូតា (Toubacouta) ប្រទេសសេណេហ្កាល់ (Senegal) ក្រោមឈ្មោះរួមតែមួយគឺ «ឆ្នេរសមុទ្រកម្ពុជា (Cambodia Bay)» ហើយត្រូវបានប្រសិទ្ធនាម «ឆ្នេរសមុទកម្ពុជា៖ តារារះនាទិសនិរតី» ។

ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាភិបាល និង សមាជិកក្លឹបទាំងអស់ដែលបានគាំទ្រឆ្នេរសមុទ្រកម្ពុជា និង បានយល់ព្រមដាក់បញ្ចូលឆ្នេរសមុទ្រកម្ពុជាទាំងមូលជាសមាជិក និង បានបន្តគាំទ្រការអភិវឌ្ឍតំបន់ឆ្នេរសមុទ្ររបស់កម្ពុជាតាមរបៀបកម្ពុជា ពិសេសបានបោះឆ្នោតគាំទ្រកម្ពុជា កាន់តំណែងជាអនុប្រធានក្លឹបទទួលបន្ទុកតំបន់អាស៉ីប៉ាស៉ីហ្វិក ២ អាណត្តិជាប់គ្នា និង បន្តជាអគ្គនាយករងក្លឹប រហូតមកដល់បច្ចុប្បន្ន៕