សហប្រធាន៣រូប នៃក្រុមការងារត្រី-វិស័យ មកពីក្រសួងចំនួន៣ រួមមាន លោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក អាន ពេជ្រហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងលោក អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំមន្រ្តីក្រុមលេខាធិការដ្ឋាន ជួបប្រជុំពិភាក្សាជាមួយប្រធាន អនុប្រធាន សមាជិកសមាជិកាសហគមន៍កសិករប្រើប្រាស់ទឹកប្រព័ន្ធធារាសាស្ត្រតាំងក្រសាំង នៅក្នុងឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។

ថ្លែងក្នុងពិធីសំណេះសំណាល លោកសហប្រធានទាំង៣ បានគូសបញ្ជាក់ពីគោលបំណងរួមរបស់ក្រសួងទាំងបី ដើម្បីពិនិត្យពីសក្តានុពល និងលទ្ធភាព ជួយបង្កើនសមត្ថភាពផលិតកម្ម បង្កើនចំណូលសេដ្ឋកិច្ច និងសុខុមាលភាព។ ក្នុងនោះនឹងពិនិត្យលក្ខណៈសម្បត្តិរបស់សហគមន៍ ដែលអាចបង្កើតសហគមន៍កសិកម្មទំនើប ជាគោលដៅក្នុងក្របខ័ណ្ឌត្រី-វិស័យ ឆ្នាំ២០២៦។
ដោយសហគមន៍នឹងទទួលបានការបង្កើនផលិតភាពផលិតកម្មកសិកម្ម ការប្រើប្រាស់ធនធានទឹកពហុបំណងប្រកបដោយប្រសិទ្ធភាព ការគាំទ្រលើហេដ្ឋារចនាសម្ព័ន្ធ រួមមាន៖ ប្រព័ន្ធធារាសាស្រ្ដ ផ្លូវថ្នល់ ផ្សារសហគមន៍ជាដើម។
ជាមួយគ្នានោះ លោកសហប្រធានទាំង៣ បានបញ្ជាក់បន្ថែមទៀតថា ភាពខ្លាំងរបស់សហគមន៍ កើតចេញពីខាងក្នុងសហគមន៍ផ្ទាល់ ដោយត្រូវមានប្រធានខ្លាំង និងការចូលរួម បេ្ដជ្ញាពីសមាជិក សមាជិកា និងការគាំទ្រពីអាជ្ញាធរពាក់ព័ន្ធផងដែរ។

សូមបញ្ជាក់ជូនថា សហគមន៍កសិករប្រើប្រាស់ទឹកប្រព័ន្ធធារាសាស្ត្រតាំងក្រសាំង បានចុះបញ្ជីដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ គ្របដណ្តប់មានចំនួន ០៤ឃុំ (ទីពោ តាំងក្រសាំង ឃុំជ្រាប់ និងឃុំកកោះ និងមាន១៨ភូមិ មានផ្ទៃដីសរុបដីស្រែចំនួន ១០.៩៦១ ហិកតា ក្នុងនោះមានផ្ទៃដីស្រូវប្រាំងមានចំនួន ៤.៧៧៨ហិកតា សមាជិកចំនួន ៤.៨៩២គ្រួសារ និងប្រជាពលរដ្ឋ ដែលទទួលផលពីប្រព័ន្ធធារាសាស្ត្រ មានចំនួនសរុប៣០.៥៤៧នាក់។
ប្រព័ន្ធធារាសាស្ត្រតាំងក្រសាំង ដំណើរការ គ្រប់គ្រងថែទាំដោយសហគមន៍កសិករប្រើប្រាស់ទឹកតាំងក្រសាំង និងគាំទ្រដោយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ លើកិច្ចដំណើរការ និងការថែទាំ (O&M) ក្នុងឆ្នាំ២០២៥ ដោយមានការសហការពីអាជ្ញាធរឃុំ ស្រុក៕




