សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា ការជ្រើសយកការអនុវត្តបទឈប់បាញ់ មិនមែនមានន័យថា កម្ពុជា ចុះចាញ់ ឬសុខចិត្តយកបូរណភាពទឹកដី ទៅដូរយកសន្តិភាពឡើយ ហើយរឹតតែមិនមែនមានន័យថា កម្ពុជាអស់សមត្ថភាព ឬ បោះបង់សិទ្ធិស្វ័យការពារខ្លួននោះដែរ ។ ផ្ទុយទៅវិញ, ការសម្រេចចិត្តនេះ បង្ហាញថា កម្ពុជា បានសម្រេចប្រកាន់យកមាគ៌ាសន្តិភាព និង ការតម្កល់អាយុជីវិត និង សុខទុក្ខរបស់ប្រជាជន ជាអាទិភាពចម្បងបំផុត និង ខ្ពស់បំផុតមួយរបស់ខ្លួន បើទោះជាត្រូវប្រឈមមុខនឹងសម្ពាធ ឬ ការលំបាកយ៉ាងណាក៏ដោយ ។

លើកឡើងលើទំព័រហ្វេសប៊ុកនាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមប្រមុខរាជរដ្ឋាភិបាល សម្តេច សូមផ្ញើនូវសារមួយ ទៅកាន់បងប្អូនជនរួមជាតិទាំងអស់ នៅក្នុងវេលាដែលមាតុភូមិកម្ពុជាជាទីស្រឡាញ់របស់យើងបាន និងកំពុងរងសោកនាដកម្មនៃសង្គ្រាមឈ្លានពាន ក្រោយពីការទទួលបានសន្តិភាពពេញលេញ នៅឆ្នាំ ១៩៩៨ ។ កម្ពុជាបានឆ្លងកាត់យ៉ាងឆ្អែតឆ្អន់នូវភ្នក់ភ្លើងសង្រ្គាមរាប់រយឆ្នាំ រួមទាំងរបបប្រល័យពូជសាសន៍ ដែលនាំឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ស្គាល់តម្លៃពិតប្រាកដនៃ «សន្តិភាព» ហើយក្នុងកាលៈទេសៈនេះ យើងពិតជាគ្មានប្រាថ្នាអ្វីផ្សេងឡើយ ក្រៅពីសុខសន្តិភាព និង លទ្ធភាព ក្នុងការអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើន ។ ក្នុងន័យនេះ, កម្ពុជាផ្តល់តម្លៃខ្ពស់បំផុត ចំពោះ «សន្តិភាព និង ការអភិវឌ្ឍ» ហើយកម្ពុជាតែងតែគាំទ្រ និង ចូលរួមអនុវត្តដោយសុចរិត នូវសណ្តាប់ធ្នាប់តំបន់ និង សកល ដោយផ្អែកលើច្បាប់អន្តរជាតិ, សន្ធិសញ្ញា, អនុសញ្ញា និង កិច្ចព្រមព្រៀងនានា ដែលកម្ពុជាបានទទួលយក, ជាពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិ និង ធម្មនុញ្ញអាស៊ាន ក្នុងគោលដៅចង់រួមរស់ប្រកបដោយសន្តិសហវិជ្ជមាន ជាមួយគ្រប់បណ្តាប្រទេសទាំងអស់, ទាំងប្រទេស នៅជិតខាង, ក្នុងតំបន់ និង លើសកលលោក ។
ក្នុងស្មារតីនេះ, រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រកាន់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី និង នៅតែបន្តព្យាយាមចរចាតាមគ្រប់រូបភាពទាំងអស់ ដើម្បីបញ្ចប់ការប្រឈមមុខគ្នាដោយអាវុធ និង វិលត្រឡប់ទៅដោះស្រាយបញ្ហាព្រំដែន តាមយន្តការបច្ចេកទេស និង ក្របខណ្ឌច្បាប់ ដែលមានជាធរមាន។ ក្រោយពីការព្យាយាមចរចាប្រកបដោយភាពអត់ធ្មត់ខ្ពស់បំផុត, កម្ពុជា និង ថៃ បានឯកភាពអនុវត្តបទ «ឈប់បាញ់ភ្លាម នៅនឹងកន្លែង» ដែលបានចូលជាធរមានចាប់ពីម៉ោង ១២:០០ ថ្ងៃត្រង់, ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២៥ តទៅ ។

សម្តេចធិបតីបានបញ្ជាក់ថា ការជ្រើសរើសយកការអនុវត្តបទឈប់បាញ់នេះ មិនមែនមានន័យថា កម្ពុជា ចុះចាញ់ ឬ សុខចិត្តយកបូរណភាពទឹកដី ទៅដូរយកសន្តិភាពឡើយ ហើយរឹតតែមិនមែនមានន័យថា កម្ពុជាអស់សមត្ថភាព ឬ បោះបង់សិទ្ធិស្វ័យការពារខ្លួននោះដែរ ។ ផ្ទុយទៅវិញ, ការសម្រេចចិត្តនេះ បង្ហាញថា កម្ពុជា បានសម្រេចប្រកាន់យកមាគ៌ាសន្តិភាព និង ការតម្កល់អាយុជីវិត និង សុខទុក្ខរបស់ប្រជាជន ជាអាទិភាពចម្បងបំផុត និង ខ្ពស់បំផុតមួយរបស់ខ្លួន បើទោះជាត្រូវប្រឈមមុខនឹងសម្ពាធ ឬ ការលំបាកយ៉ាងណាក៏ដោយ ។
ទោះបីយើងនៅតែអាចបន្តទប់ទល់បានក្នុងការប្រយុទ្ធគ្នា, ក្នុងនាមជាប្រទេសតូច យើងនៅតែមិនមានអ្វីចំណេញសោះឡើយ ពីការអូសបន្លាយ ក្នុងរយៈពេលយូរនៃការប្រយុទ្ធនេះ។ ពេលនេះ, ប្រជាពលរដ្ឋភៀសសឹកជាងកន្លះលាននាក់ កំពុងទន្ទឹងរង់ចាំថ្ងៃដែលពួកគេអាចវិលត្រឡប់ទៅកាន់គេហដ្ឋានវិញ, កុមាររាប់ពាន់នាក់កំពុងរង់ចាំថ្ងៃដែលពួកគេអាចវិលត្រឡប់ទៅថ្នាក់រៀនវិញ, ហើយក្រុមគ្រួសារកងទ័ព កងនគរបាល រាប់ពាន់នាក់ ក៏កំពុងរង់ចាំផ្លូវ ឪពុក, ប្តី,កូន, ពូ, មីង, បង ឬ ប្អូន របស់ពួកគេ ពីសមរភូមិយ៉ាងអន្ទះសារបំផុត ។ ដូច្នេះ, ខណៈដែល លទ្ធភាពនៃការស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែននេះ ដោយសន្តិវិធីនៅតែមាន, រាជរដ្ឋាភិបាល បានសម្រេចចិត្តប្រកាន់យកការចរចាបញ្ចប់ការប្រយុទ្ធគ្នា មុនពេលវាកាន់តែរីកធំជាងនេះទៅទៀត ដើម្បីកាត់បន្ថយការឈឺចាប់ និង ទុក្ខសោករបស់បងប្អូនជនរួមជាតិ ជាអតិបរមា ហើយក៏ដើម្បីបញ្ឈប់នូវការពលី និង ការរងរបួសរបស់បងប្អូនវីរកងទ័ព, វីរនគរបាល ក៏ដូចជាប្រជាពលរដ្ឋស្លូតត្រង់ ដែលមកទល់នឹងពេលនេះ មានប្រជាជនស៊ីវិល ៣២ នាក់ បានបាត់បង់ជីវិត និង ៩៣ នាក់ បានរងរបួស ។

ជាការពិត, «ការឈប់បាញ់ភ្លាម នៅនឹងកន្លែង» មានន័យថា កងកម្លាំងទាំងសងខាង ត្រូវអនុវត្តបទឈប់បាញ់នេះ ដោយរក្សាកម្លាំងនៅតាមទីតាំងឈរជើងរបស់ខ្លួន នៅម៉ោងនៃការចាប់ផ្តើមអនុវត្តបទឈប់បាញ់ ។ ក្នុងន័យនេះ សម្តេចធិបតី បានសង្កត់ធ្ងន់ថា ការរក្សាកងកម្លាំងឈរជើងនៅតាមទីតាំងជាក់ស្តែងនានា នៅម៉ោងនៃការចាប់ផ្តើមអនុវត្តបទឈប់បាញ់នេះ គឺត្រូវបានទទួលស្គាល់ជាផ្លូវការ ដោយភាគីទាំងសងខាងថា មិនមានការពាក់ព័ន្ធដល់ការកំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរនោះឡើយ ដែលចំណុចនេះ ត្រូវបានរដ្ឋាភិបាលកម្ពុជា ទាមទារកំណត់ច្បាស់ នៅក្នុង «សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និង ព្រះរាជាណាចក្រថៃ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២៥» ។ ប្រការនេះបញ្ជាក់ច្បាស់ថា ខ្សែព្រំដែនអន្តរជាតិរវាងកម្ពុជា និង ថៃ នៅតែត្រូវបានកំណត់ដោយសន្ធិសញ្ញា និង អនុសញ្ញាដែលមានស្រាប់ ហើយកម្ពុជានៅតែរក្សាបានពេញលេញនូវសិទ្ធិក្នុងការដោះស្រាយបញ្ហាព្រំដែននេះជាមួយនឹងភាគីថៃ អនុលោមតាមច្បាប់អន្តរជាតិ, សន្ធិសញ្ញា, អនុសញ្ញា និង យន្តការទ្វេភាគី ទាំងឡាយ ដែលមានជាធរមាន ។

សម្តេចធិបតីបានបន្ថែមថា ជាមួយនឹងការធានាបាននូវការបញ្ជាក់ច្បាស់ថា ការរៀបចំទាំងឡាយ (Arrangments) ក្នុងសេចក្តីថ្លែងការណ៍រួមស្តីពីបទឈប់បាញ់នេះ នឹងមិនធ្វើឱ្យប៉ះពាល់ដល់ការងារវាស់វែង និង ខណ្ឌសីមាព្រំដែន រវាងប្រទេសទាំងពីរនោះទេ, ភាគីទាំងពីរបានឯកភាពគ្នាប្រគល់ជូន គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) បន្តដំណើរការឡើងវិញឱ្យបានឆាប់បំផុត នូវការងារវាស់វែង និង ខណ្ឌសីមាព្រំដែន ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ, ពិសេស នៅតំបន់ព្រំដែនរងផលប៉ះពាល់ ដែលមានប្រជាជនស៊ីវិលធ្លាប់រស់នៅ, ដើម្បីធានានូវសន្តិភាពយូរអង្វែង នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ ។
លក្ខខណ្ឌនៃការអនុវត្តបទឈប់បាញ់នេះ ក៏បានបើកផ្លូវឱ្យបងប្អូនភៀសសឹក ដែលមានលំនៅដ្ឋានតាមតំបន់ព្រំដែន អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញ ដោយគ្មានឧបសគ្គ និង ប្រកបដោយសុវត្ថិភាព និង សេចក្តីថ្លៃថ្នូរ ក្នុងតំបន់រៀងខ្លួន ផងដែរ ។ ពាក់ព័ន្ធនឹងចំណុចនេះ, ខ្ញុំសូមយកឱកាសនេះ ជម្រាបជូនជនរួមជាតិផងដែរថា ខ្ញុំបានផ្តល់ការណែនាំដល់ក្រសួងការពារជាតិ, ក្រសួងមហាផ្ទៃ និង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ឱ្យចាត់ចែងកំណត់ទីតាំងដែលមានសុវត្ថិភាពគ្រប់គ្រាន់ និង រៀបចំការសម្របសម្រួល ដើម្បីបងប្អូនជនភៀសសឹករបស់យើង អាចវិលត្រឡប់ទៅកាន់គេហដ្ឋានវិញ ឱ្យបានឆាប់បំផុត តាមដែលអាចធ្វើបាន ។ ចំពោះតំបន់ដែលមិនទាន់មានភាពអំណោយផលសម្រាប់ការវិលត្រលប់ដោយសុវត្ថិភាព រាជរដ្ឋាភិបាលនឹងស្វែងរកដំណោះស្រាយចំពោះមុខ សម្រាប់បងប្អូនដែលរស់នៅតំបន់នោះ។
មួយវិញទៀត, តាមលក្ខខណ្ឌនៃសេចក្តីប្រកាសរួមនេះ, ក្រោយបទឈប់បាញ់ ត្រូវបានអនុវត្ត ដោយពេញលេញរយៈពេល ៧២ ម៉ោង, យោធិនកម្ពុជា ១៨ រូប ក៏នឹងត្រូវបានដោះលែងត្រលប់មកកម្ពុជាវិញផងដែរ ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុង គូឡាឡាំពួ ដែលត្រូវបានចុះហត្ថលេខា នៅថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២៥ ។

បន្ថែមលើនេះ, សេចក្តីថ្លែងការណ៍រួមនេះ ក៏បានគូសរំលេចអំពីការបេ្តជ្ញារួមគ្នារវាងភាគីទាំងពីរ ក្នុងការបន្តជំរុញអនុវត្តកិច្ចសហប្រតិបត្តិការជាអាទិភាពមួយចំនួនទៀត ដោយប្រើប្រាស់យន្តការ និង អនុលោមតាមកិច្ចព្រមព្រៀង ដែលមានជាធរមាន ។ ក្នុងន័យនេះ, សេចក្តីថ្លែងការណ៍រួមនេះ ក៏ជាការបន្តអនុវត្តនូវអ្វីដែលបានឯកភាពគ្នាកន្លងមក រួមមាន សេចក្តីប្រកាសព័ត៌មានរួមនៃបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ ២០២៥ និង សេចក្តីថ្លែងការណ៍រួម ទីក្រុង គូឡាឡាំពួ កាលពីថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២៥ រួមបញ្ចូលនូវឯកសារព្រមព្រៀងផ្សេងទៀត ដែលសមេ្រចបានមក នៅក្រោមខណ្ឌកិច្ចព្រមព្រៀងនេះ, ព្រមទាំងកិច្ចព្រមព្រៀងជាធរមានទាំងឡាយទៀត រវាងកម្ពុជា និង ថៃ ។
ក្នុងនាមជាប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្រ្តីបាថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះប្រទេសជាមិត្ត និង សហគមន៍អន្តរជាតិ, ជាពិសស សហរដ្ឋអាម៉េរិក, សាធារណរដ្ឋប្រជាមានិតចិន, និង បណ្តាប្រទេសអាស៊ាន ក្រោមការសម្របសម្រួលរបស់ ម៉ាឡេស៊ី ក្នុងឋានៈជាប្រធានអាស៊ាន, ដែលបានជួយជ្រោមជ្រែង និង ចូលរួមយ៉ាងសកម្ម ក្នុងកិច្ចដំណើរការនេះ តាំងពីដើមទីមក ពោលគឺ តាំងពីការរៀបចំនូវបទឈប់បាញ់ នាថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៥ ជាបន្តបន្ទាប់ រហូតមកទល់បច្ចុប្បន្ន ។ សម្តេចធិបតីក៏បានបញ្ជាក់ផងដែរថា កម្ពុជាប្រកាន់គោលជំហរអនុវត្តពេញលេញ និង ដោយស្មោះត្រង់ នូវសេចក្តីប្រកាសរួមស្តីពីបទឈប់បាញ់នេះ និង សូមស្វាគមការចូលរួមរបស់ប្រទេសជាមិត្ត និង សហគមន៍អន្តរជាតិ ក្នុងការគាំទ្រដល់ការធានានូវការអនុវត្តសេចក្តីប្រកាសរួមនេះ ឱ្យបានពេញលេញ និង ប្រកបដោយប្រសិទ្ធភាព, ពិសេស ក្នុងការពង្រឹងតួនាទីរបស់អ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីផ្ទៀងផ្ទាត់ និង ធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព នូវវិធានការនានាដែលបានឯកភាពគ្នាក្នុងបទឈប់បាញ់នេះ ។
ជាមួយគ្នានេះ សម្តេធិបតី ក៏បានសម្តែងនូវកត្តញ្ញូតាធម៌ និង អំណរព្រះគុណដ៏ជ្រាលជ្រៅបំផុត ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលជានិច្ចកាល ទ្រង់ទាំងទ្វេតែងតែផ្តល់ការគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការបំពេញបេសកម្ម ដើម្បីជាតិ និង មាតុភូមិ និង តែងយកព្រះទ័យទុកដាក់ខ្ពស់បំផុត ចំពោះសុខទុក្ខកូនចៅ ជាប្រជានុរាស្ត្ររបស់ព្រះអង្គ ក្នុងគ្រប់កាលៈទេសៈ, ពិសេស ក្នុងកាលៈទេសៈដ៏លំបាកបំផុតចំពោះមុខនេះ ។ លើសពីនេះ ក៏បានអរគុណចំពោះស្មារតីស្នេហាជាតិមាតុភូមិ និង ស្មារតីសាមគ្គីជាតិជាធ្លុងមួយ ក្នុងការការពារអធិបតេយ្យជាតិ និង បូរណភាពទឹកដី របស់ព្រះសង្ឃគ្រប់ព្រះអង្គ និង ជនរួមជាតិគ្រប់រូប, ពីគ្រប់ទិសទី, ទាំងក្នុង និង ក្រៅប្រទេស ស្របតាមពាក្យចាស់ថា «ចង្កឹះមួយបាច់ គេកាច់មិនបាក់»៕

