ក្រសួងមុខងារសាធារណៈ បើកកិច្ចប្រជុំជែកដេញដោលស៊ីជម្រៅលើប្រសិទ្ធភាពសេវារដ្ឋបាលរាល់ថ្ងៃជូនប្រជាពលរដ្ឋ

សង្គម​ និង​សេដ្ឋកិច្ច

កាលពីរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នៅគណៈកម្មការកែទម្រង់រដ្ឋបាលសាធារណៈ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍អង្កេតស្ទង់មតិស្តីពី ការយល់ឃើញរបស់ប្រជាពលរដ្ឋចំពោះប្រសិទ្ធភាពសេវារដ្ឋបាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះ សំដៅផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់លើលទ្ធផលនៃការផ្តល់សេវារដ្ឋបាលប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋមួយចំនួន ដូចជា សេវាអត្រានុកូលដ្ឋាន ការធ្វើអត្តសញ្ញាណបណ្ណ លិខិតឆ្លងដែន សេវាចុះបញ្ជីនិងផ្ទេរកម្មសិទ្ធិយានយន្ត និងសេវាសាធារណៈចាំបាច់ជាច្រើនទៀត។

ជាលទ្ធផល ក្រុមការងារបានសម្រួចខ្លឹមសាររបាយការណ៍នេះឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដពីស្ថានភាពជាក់ស្តែង ព្រមទាំងមតិយោបល់របស់ប្រជាពលរដ្ឋ។

របាយការណ៍នេះ នឹងក្លាយជាត្រីវិស័យ និងជាធាតុចូលជាយុទ្ធសាស្ត្រក្នុងការរៀបចំវិធានការកែទម្រង់ ដើម្បីធានាថាសេវាសាធារណៈនៅកម្ពុជាកាន់តែមានគុណភាព តម្លាភាព ភាពងាយស្រួល ឆាប់រហ័ស និងឆ្លើយតបចំគោលដៅនៃតម្រូវការរបស់ប្រជាពលរដ្ឋពិតប្រាកដ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ធ្លាប់មានប្រសាសន៍ និងតែងតែគូសបញ្ជាក់ថា ការកែទម្រង់រដ្ឋបាលសាធារណៈ គឺជាស្នូល នៃអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព សម្រាប់ប្រទេសកម្ពុជា។ នៅកម្ពុជាការកែទម្រង់រដ្ឋបាលសាធារណៈ ជាការកែទម្រង់អន្តរវិស័យសំខាន់មួយ នៅក្នុងចំណោមការកែ ទម្រង់សំខាន់ៗចំនួន៥រួមមាន ៖ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ , ការកែទម្រង់អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ , ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ , ការកែទម្រង់ប្រព័ន្ធយុត្តិធម៌ និងការកែទម្រង់ច្បាប់៕