អ្នកឧកញ៉ា ភួ វាសនា អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ បន្តគាំទ្រផលិតផល​ក្នុងស្រុក

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង បានអំពាវនាវដល់​បងប្អូនប្រជាពលរដ្ឋខ្មែរ ឱ្យបន្ត​គាំទ្រផលិតផលដែលក្នុងស្រុក ដើម្បីគាំទ្រដល់សេដ្ឋកិច្ចជាតិ និងជំរុញលើកទឹកចិត្តឱ្យអ្នកផលិតក្នុងស្រុក ឱ្យមាន​កម្លាំងក្នុងការខិតខំប្រឹងប្រែងផលិតផលថ្មីៗបន្ថែមទៀត។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសអញ្ជើញចូលរួមសម្ពោធរោងសិប្បកម្មថ្មី និងផលិតផលថ្មីរបស់សហគ្រាស ជេ អឹម អិល អេច (J.M.L.H) របស់លោកស្រី សេង សំណាង ដែលផលិតម្សៅស៊ុបជាតិ និងសមិទ្ធផលថ្មីៗ ប្រចាំខេត្តបាត់ដំបង, អ្នកឧកញ៉ា ភួ វាសនា បានថ្លែងថា៖ «ក្នុងស្ថានភាពបច្ចុប្បន្ននេះ ផលិតករក្នុងស្រុករបស់យើងបាន និងកំពុងខិតខំ​ពង្រឹង​អ្វីដែលយើងខ្វះខាតកន្លងមក ឱ្យរឹតតែខ្លាំងឡើងៗ ដោយបង្កើនការផលិត ពង្រឹងគុណភាព សុវត្ថិភាព និង​តម្លៃប្រកួតប្រជែង ដូច្នេះសូមឱ្យប្រជាពលរដ្ឋបន្តគាំទ្រផលិតផលរបស់ខ្មែរជារៀងរហូត»។

លោកស្រី សេង សំណាង ម្ចាស់សហគ្រាស ជេ អឹម អិល អេច បានលើកឡើងថា បងៗកងទ័ពឈរជើង​ការពារ​ជួរមុខ ពួកយើងឈរជើងការពារជួរក្រោយ បង្កើនសម្ថតភាព ពង្រឹងសេដ្ឋកិច្ច សាមគ្គីគ្នាជួយជាកំលាំង​ដើម្បីការពារ​ប្រទេស។ សហគ្រាស ជេអឹមអិលអេច បានបញ្ចប់បេសកកម្មដ៏ធំមួយ គឺពង្រីកទីតាំងផលិត ដើម្បីបង្កើនការផលិត និងបញ្ចប់ការស្រាវជ្រាវផលិតផលថ្មី ហៅថាម្សៅស៊ុបចុងភៅ ចាប់ផ្តើមបើកសម្ភោធជាផ្លូវការនៅថ្ងៃនេះ។

សូមជម្រាបថា អ្នកឧកញ៉ា ភួ វាសនា បានជាប់ជា​ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង សម្រាប់អាណត្តិទី១ ជាលើកទី២ កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣។ ក្នុងអាណត្តិ និងតួនាទី ជាអ្នកដឹកនាំសភាពាណិជ្ជកម្មក្នុង​មូលដ្ឋាន​ខេត្តរបស់ខ្លួន អ្នកឧកញ៉ាវ័យក្មេង និងជាអ្នកជំនួញ ការទូតដ៏បុិនប្រសព្វ ពោរពេញដោយសក្ដានុពល ប្រចាំខេត្ត​បាត់ដំបង​រូបនេះ បានដឹកនាំក្រុមការងារពាក់ព័ន្ធ បញ្ចេញសកម្មភាពជួយជំរុញ ការងារសភាពាណិជ្ជកម្ម​ខេត្ត​ឱ្យចេញជា​ផ្លែផ្កាជាច្រើន ពិសេសការស្វែងរកបញ្ហាប្រឈម និងការកសាងបណ្ដាញសហគ្រិន​ផលិតផលក្នុង​ស្រុក ក្នុងខេត្តបាត់ដំបង៕