អ្នកឧកញ៉ា ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ឱ្យបន្តគាំទ្រផលិតផលដែលក្នុងស្រុក ដើម្បីគាំទ្រដល់សេដ្ឋកិច្ចជាតិ និងជំរុញលើកទឹកចិត្តឱ្យអ្នកផលិតក្នុងស្រុក ឱ្យមានកម្លាំងក្នុងការខិតខំប្រឹងប្រែងផលិតផលថ្មីៗបន្ថែមទៀត។

ក្នុងឱកាសអញ្ជើញចូលរួមសម្ពោធរោងសិប្បកម្មថ្មី និងផលិតផលថ្មីរបស់សហគ្រាស ជេ អឹម អិល អេច (J.M.L.H) របស់លោកស្រី សេង សំណាង ដែលផលិតម្សៅស៊ុបជាតិ និងសមិទ្ធផលថ្មីៗ ប្រចាំខេត្តបាត់ដំបង, អ្នកឧកញ៉ា ភួ វាសនា បានថ្លែងថា៖ «ក្នុងស្ថានភាពបច្ចុប្បន្ននេះ ផលិតករក្នុងស្រុករបស់យើងបាន និងកំពុងខិតខំពង្រឹងអ្វីដែលយើងខ្វះខាតកន្លងមក ឱ្យរឹតតែខ្លាំងឡើងៗ ដោយបង្កើនការផលិត ពង្រឹងគុណភាព សុវត្ថិភាព និងតម្លៃប្រកួតប្រជែង ដូច្នេះសូមឱ្យប្រជាពលរដ្ឋបន្តគាំទ្រផលិតផលរបស់ខ្មែរជារៀងរហូត»។
លោកស្រី សេង សំណាង ម្ចាស់សហគ្រាស ជេ អឹម អិល អេច បានលើកឡើងថា បងៗកងទ័ពឈរជើងការពារជួរមុខ ពួកយើងឈរជើងការពារជួរក្រោយ បង្កើនសម្ថតភាព ពង្រឹងសេដ្ឋកិច្ច សាមគ្គីគ្នាជួយជាកំលាំងដើម្បីការពារប្រទេស។ សហគ្រាស ជេអឹមអិលអេច បានបញ្ចប់បេសកកម្មដ៏ធំមួយ គឺពង្រីកទីតាំងផលិត ដើម្បីបង្កើនការផលិត និងបញ្ចប់ការស្រាវជ្រាវផលិតផលថ្មី ហៅថាម្សៅស៊ុបចុងភៅ ចាប់ផ្តើមបើកសម្ភោធជាផ្លូវការនៅថ្ងៃនេះ។
សូមជម្រាបថា អ្នកឧកញ៉ា ភួ វាសនា បានជាប់ជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង សម្រាប់អាណត្តិទី១ ជាលើកទី២ កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣។ ក្នុងអាណត្តិ និងតួនាទី ជាអ្នកដឹកនាំសភាពាណិជ្ជកម្មក្នុងមូលដ្ឋានខេត្តរបស់ខ្លួន អ្នកឧកញ៉ាវ័យក្មេង និងជាអ្នកជំនួញ ការទូតដ៏បុិនប្រសព្វ ពោរពេញដោយសក្ដានុពល ប្រចាំខេត្តបាត់ដំបងរូបនេះ បានដឹកនាំក្រុមការងារពាក់ព័ន្ធ បញ្ចេញសកម្មភាពជួយជំរុញ ការងារសភាពាណិជ្ជកម្មខេត្តឱ្យចេញជាផ្លែផ្កាជាច្រើន ពិសេសការស្វែងរកបញ្ហាប្រឈម និងការកសាងបណ្ដាញសហគ្រិនផលិតផលក្នុងស្រុក ក្នុងខេត្តបាត់ដំបង៕








