អាជ្ញាធរខេត្តឧត្ដរមានជ័យ រៀបចំសេចក្តីសម្រេចបង្កើតគណៈកម្មការចំពោះកិច្ច ពិនិត្យ វាយតម្លៃតំបន់សុវត្ថិភាពជូនប្រជាពលរដ្ឋ

សង្គម​ និង​សេដ្ឋកិច្ច

អាជ្ញាធរខេត្តឧត្ដរមានជ័យ បានរៀបចំសេចក្តីសម្រេចបង្កើតគណៈកម្មការចំពោះកិច្ច ពិនិត្យ វាយតម្លៃតំបន់សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ដោយត្រូវកំណត់ និងបែងចែកតំបន់ដែលរងផលប៉ះពាល់ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋភៀសសឹកវិលត្រឡប់មកលំនៅឋានវិញ និងដំណើរការផ្តល់សេវាសាធារណៈនៅមូលដា្ឋន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសេចក្ដីជូនដំណឹង ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាលខេត្ដឧត្ដរមានជ័យ បានឱ្យដឹងថា រដ្ឋបាលខេត្តឧត្តរមានជ័យបានធ្វើការណែនាំនូវកិច្ចការចាំបាច់ចំពោះមុខមួយចំនួនដូចខាងក្រោម៖

១. រដ្ឋបាលខេត្តបានរៀបចំសេចក្តីសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចពិនិត្យ វាយតម្លៃតំបន់សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។

២. រដ្ឋបាលក្រុង ស្រុកត្រូវកំណត់ និងបែងចែកតំបន់ដែលរងផលប៉ះពាល់ជា ៣ (បី) តំបន់រួមមាន៖

• តំបន់ក្រហម៖ សំដៅលើតំបន់ជាប់ខ្សែបន្ទាត់ព្រំដែនដែលកងកម្លាំងបានកំពុងឈរជើងប្រចាំការ (មិនទាន់អនុញ្ញាតឱ្យប្រជាពលរដ្ឋវិលត្រឡប់វិញឡើយ)

• តំបន់លឿង៖ សំដៅលើតំបន់ដែលផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋរស់នៅជិតអង្គភាពយោធា (អនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋអាចចេញចូលពេលថ្ងៃ ប៉ុន្តែមិនអនុញ្ញាតនៅពេលយប់)

• តំបន់សុវត្ថិភាព៖ សំដៅលើតំបន់ដែលរងផលប៉ះពាល់ ប៉ុន្តែនៅឆ្ងាយពីខ្សែបន្ទាត់ព្រំដែន (បងប្អូនប្រជា- ពលរដ្ឋភៀសសឹកអាចវិញត្រឡប់ទៅលំនៅឋានបានធម្មតា)។

៣. រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវកសាងបញ្ជីស្ថិតិប្រជាពលរដ្ឋដែលរស់នៅតំបន់ទាំងបីខាងលើឱ្យបានឆាប់ រហ័សដើម្បីអាចអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋវិលត្រឡប់ទៅលំនៅឋានវិញបាន។

៤. រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងភូមិ ត្រូវចុះពិនិត្យទីតាំងគ្រាប់ធ្លាក់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីឃ្លុំទុកបណ្ដោះអាសន្ន និងផ្តល់ព័ត៌មានដល់កងឯកភាពកំចាត់មីន (ស៊ីម៉ាក់) ធ្វើការពិនិត្យនិងបោសសម្អាត។

៥. មន្ទីរសុខាភិបាលត្រូវពិនិត្យ និងរៀបចំដំណើរការឡើងវិញនូវទីតាំងសុខាភិបាលដែលបានផ្អាក លើកលែងតែទីតាំងណាដែលរងការខូចខាត និងជាប់ខ្សែបន្ទាត់ព្រំដែន។

៦. មន្ទីរអប់រំយុវជន យុវជន និងកីឡាត្រូវពិនិត្យ និងរៀបចំដំណើរការឡើងវិញនូវសាលារៀនដែលបានផ្អាក លើក លែងតែទីតាំងសាលារៀននៅតាមខ្សែបន្ទាត់ព្រំដែន និងសាលាដែលរងការខូចខាតពីគ្រាប់ផ្លោងដោយត្រូវការ ជួសជុល និងបោសសម្អាតសំណល់ជាតិផ្ទុះពីសង្គ្រាម។

៧. ស្នងការរដ្ឋាននគរបាលខេត្តត្រូវរៀបចំប្រព័ន្ធ Hotline (២៤/២៤ម៉ោង) ដើម្បីទទួលពាក្យបណ្ដឹង និងសំណូមពរនានាពីបងប្អូនប្រជាពលរដ្ឋដើម្បីឆ្លើយតបឱ្យបានទាន់ពេលវលា។

៨. ស្នងការនគរបាលខេត្តត្រូវសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុករៀបចំទីតាំងប៉ុស្តិ៍ត្រួត ពិនិត្យឱ្យបានហ្មត់ចត់នៅតាមគោលដៅច្រកចូលក្រុង ស្រុក ដើម្បីបង្ការ និងទប់ស្កាត់សមាសភាពមិនល្អចូលមូលដ្ឋាន។

៩. កងរាជអាវុធហត្ថខេត្តត្រូវចាត់កម្លាំងការពារសន្តិសុខ និងថែរក្សាការពារទ្រព្យសម្បត្តិប្រជាពលរដ្ឋដែលបានចាកចេញពីលំនៅឋាននៅតាមមូលដ្ឋានភូមិ ឃុំ សង្កាត់ ដែលមិនទាន់បានវិលត្រឡប់មកវិញ។

១០. រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវកំណត់មុខសញ្ញាគ្រួសារដែលមានជីវភាពខ្វះខាតពិតប្រាកដ ដើម្បីបន្ត ឧបត្ថម្ភស្បៀងអាហារក្នុងរយៈពេលខ្លី និងមធ្យម។

១១. ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមសហការ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីមានសមត្ថកិច្ច៕