ឧកញ៉ា ប៉ិច បូឡែន អគ្គនាយក ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប (WESTLINE EDUCATION GROUP) និងជាទីប្រឹក្សាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមអមដំណើរ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះសួរសុខទុក្ខ និងចែកជូនអំណោយដល់វីរៈកងទ័ព និងជនភៀសសឹក ចំនួន ២,០០០ គ្រួសារ នៅខេត្តឧត្តរមានជ័យ។

សកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លានេះ ធ្វើឡើងក្រោមកិច្ចផ្តួចផ្តើមផ្ទាល់ពី ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ កម្មវិធីនេះប្រារព្ធឡើងនៅភូមិបាតថ្កៅ ឃុំចុងកាល ស្រុកចុងកាល ខេត្តឧត្តរមានជ័យ ដែលជាការចូលរួមចំណែកក្នុងស្មារតីសាមគ្គីភាព ការយកចិត្តទុកដាក់ និងការគាំទ្រដល់បងប្អូនប្រជាពលរដ្ឋ និងប្រជាពលរដ្ឋភៀសសឹកនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ជនភៀសសឹករបស់កម្ពុជា បានកើនឡើងដល់ជាងកន្លះលាននាក់ (៥៩៦,៩២៦នាក់)។ នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ។ គួររំឭកថា ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ នៃការផ្ទុះអាវុធជាថ្មីរវាងកម្ពុជា-ថៃ រហូតដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ តុល្យការចុងក្រោយគឺមានប្រជាពលរដ្ឋស្លូតត្រង់កម្ពុជា បាត់បង់ជីវិតចំនួន ៣២នាក់ និងរបួស ៩៥នាក់ ដោយសារការប្លោងទម្លាក់គ្រាប់គ្រប់ប្រភេទចូលតំបន់ស៊ីវិលជាច្រើនកន្លែង ក្នុងទឹកដីកម្ពុជា ព្រមទាំងមានប្រជាពលរដ្ឋភៀសសឹករាប់សិបម៉ឺននាក់ កំពុងរងការលំបាក ឃ្លាតឆ្ងាយពីផ្ទះសម្បែង៕






