អស់រយៈពេល១៥៥ថ្ងៃ! ពេលនេះទាហានកម្ពុជា១៨រូប បានមកដល់មាតុភូមិវិញហើយ

សង្គម​ និង​សេដ្ឋកិច្ច

វីរកងទ័ពកម្ពុជាទាំង១៨នាក់ បានមកដល់កម្ពុជាវិញហើយ នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ តាមច្រកព្រំខេត្តប៉ៃលិន ក្រោយឃ្លាតពីមាតុភូមិ ឃ្លាតពីគ្រួសារ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទាហានថៃអស់រយៈពេល ១៥៥ថ្ងៃ កន្លងមក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការ​ដោះ​លែង​ទាហាន​ខ្មែរ​មក​វិញ​នេះ​គឺ​បន្ទាប់​ពី​កម្ពុជា​-ថៃ​សម្រេច​បាន​បទ​ឈប់បាញ់​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៧ និង​ទុក​ពេល​៧២​ម៉ោង​ដើម្បី​រៀបចំ​នីតិ​វិធី​នៃ​ការ​ដោះ​លែង​មក​វិញ​ យ៉ាង​ណា​ក្ដី​ការ​ដោះ​លែង​គឺ​មិន​ទៀង​តាម​ពេល​វេលា​ដែល​ថៃ​បាន​សន្យា​ទេ​ដោយ​អូស​បន្លាយ​មួយ​ថ្ងៃ​មក​ដល់​ថ្ងៃ​នេះ។ ​

លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា ការដោះលែងយោធិនទាំង ១៨នាក់នេះ ក៏ស្របជាមួយនឹងស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ក្រោមការធ្វើជាសាក្សីរបស់ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតី នៃសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី។

សូមជម្រាបថា គិតមកដល់ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២៥នេះ គឺមានរយៈពេល១៥៥ថ្ងៃ ដែលកងកម្លាំងកម្ពុជាត្រូវបានទាហានថៃចូលមកចាប់ខ្លួនដោយខុសច្បាប់ បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន។