វីរកងទ័ពកម្ពុជាទាំង១៨នាក់ បានមកដល់កម្ពុជាវិញហើយ នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ តាមច្រកព្រំខេត្តប៉ៃលិន ក្រោយឃ្លាតពីមាតុភូមិ ឃ្លាតពីគ្រួសារ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទាហានថៃអស់រយៈពេល ១៥៥ថ្ងៃ កន្លងមក។

ការដោះលែងទាហានខ្មែរមកវិញនេះគឺបន្ទាប់ពីកម្ពុជា-ថៃសម្រេចបានបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៧ និងទុកពេល៧២ម៉ោងដើម្បីរៀបចំនីតិវិធីនៃការដោះលែងមកវិញ យ៉ាងណាក្ដីការដោះលែងគឺមិនទៀងតាមពេលវេលាដែលថៃបានសន្យាទេដោយអូសបន្លាយមួយថ្ងៃមកដល់ថ្ងៃនេះ។
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា ការដោះលែងយោធិនទាំង ១៨នាក់នេះ ក៏ស្របជាមួយនឹងស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ក្រោមការធ្វើជាសាក្សីរបស់ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតី នៃសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី។
សូមជម្រាបថា គិតមកដល់ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២៥នេះ គឺមានរយៈពេល១៥៥ថ្ងៃ ដែលកងកម្លាំងកម្ពុជាត្រូវបានទាហានថៃចូលមកចាប់ខ្លួនដោយខុសច្បាប់ បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន។



