ការនាំចេញអង្កររបស់ប្រទេសថៃ ត្រូវបានគេព្យាករថានឹងធ្លាក់ចុះមកនៅត្រឹម ៧ លានតោន នៅឆ្នាំ២០២៦ ពីចំនួនប្រហែល ៨ លានតោន នៅឆ្នាំ២០២៥ ដោយសារតែប្រាក់បាត់កាន់តែរឹងមាំធ្វើឲ្យពិបាកក្នុងការប្រកួតប្រជែងជាមួយការផ្គត់ផ្គង់ដ៏ច្រើនរបស់ឥណ្ឌា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ដោយថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីពេលថ្មីៗនេះ លោកស្រី Arada Fuangtong ប្រធាននាយកដ្ឋានពាណិជ្ជកម្មបរទេសនៃក្រសួងពាណិជ្ជកម្មបាននិយាយថា រូបិយប័ណ្ណថៃបច្ចុប្បន្នមានកម្រិតខ្ពស់ជាងរូបិយប័ណ្ណរបស់ប្រទេសដៃគូប្រគួតប្រជែងពី ១០% ទៅ ២០% ។
លោកស្រី Arada បាននិយាយបន្ថែមទៀតថា ប្រសិនបើប្រាក់បាតបន្តកើនឡើង នោះវានឹងបង្កជាបញ្ហាប្រឈមដ៏ធំមួយ សម្រាប់ផលិតផលកសិកម្មរបស់ប្រទេសថៃ។
មិនតែប៉ុណ្ណោះ មន្ត្រីរូបនេះបានកត់សម្គាល់ថា កិច្ចព្រមព្រៀងលក់អង្ករចំនួន ៥០០ ០០០ តោនទៅប្រទេសចិនត្រូវបានគេរំពឹងថានឹងបន្ត។
កាលពីខែមុន ប្រទេសថៃក៏បានយល់ព្រមផ្គត់ផ្គង់អង្កររហូតដល់ ១០០ ០០០ តោនទៅប្រទេសសិង្ហបុរីក្នុងរយៈពេលប្រាំឆ្នាំផងដែរ។ ថៃ កំពុងស្វែងរកការពង្រីកការនាំចេញអង្ករស និងអង្ករចំហុយទៅកាន់ប្រទេសអ៊ីរ៉ាក់ អារ៉ាប៊ីសាអូឌីត និងប្រទេសដទៃទៀតនៅមជ្ឈិមបូព៌ា និងអាហ្វ្រិកផងដែរ។
ជម្រាបជូនថា នៅឆ្នាំ២០២៥ ការដឹកជញ្ជូនអង្កររបស់ថៃ ត្រូវបានព្យាករថានឹងឈានដល់ចំនួន ៧,៨-៨ លានតោន ដែលលើសពីគោលដៅ ៧,៥ លានតោន ដោយសារតែមានតម្រូវការខ្លាំង នៅចុងឆ្នាំ៕

