ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានចុះហត្ថលេខាលើឯកសារថ្មីមួយដើម្បីពន្យារពេលើការដំឡើងពន្ធខ្ពស់ចំពោះគ្រឿងសង្ហារឹម ទូផ្ទះបាយ និងទូក្នុងបន្ទប់ទឹកដីជាដើម រហូតដល់ឆ្នាំ២០២៧។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

កន្លងមកយោងតាមបទបញ្ជាប្រតិបត្តិដែលត្រូវបានចុះហត្ថលេខាដោយលោក ត្រាំ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ បានបង្ហាញថា ផលិតខាងលើនេះនឹងត្រូវទទួលរងនឹងការដំឡើងពន្ធ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ តទៅ ក្នុងអត្រា ៣០% សម្រាប់គ្រឿងសង្ហារឹម និង ៥០% សម្រាប់ទូផ្ទះបាយ និងទូក្នុងបន្ទប់ទឹក។ ប៉ុន្តែបន្ទាប់ពីមានការពន្យារពេលនេះ ពន្ធនាំចូលទៅលើផលិតផលទាំងនេះ នឹងបន្តជាប់ពន្ធត្រឹម ២៥% វិញ។
មិនតែប៉ុណ្ណោះ យោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមានបាននិយាយទៀតថា៖” សហរដ្ឋអាមេរិក នឹងបន្តចូលរួមក្នុងការចរចាយ៉ាងសកម្មជាមួយដៃគូដើម្បីដោះស្រាយបញ្ហាតុល្យកម្ម និងសន្តិសុខជាតិទាក់ទងទៅនឹងការនាំចូលផលិតផលឈើ”។
គួរឲ្យដឹងថា នៅក្នុងខែកញ្ញា ឆ្នាំ២០២៥ ប្រធានាធិបតី លោក ត្រាំ បានដំឡើងពន្ធគយនាំចូលលើឈើ ឈើប្រណិត និងផលិតផលឈើ ដោយលើកឡើងពីសន្តិសុខជាតិ និងឧស្សាហកម្មឈើក្នុងស្រុក។ ហើយពន្ធគយទាំងនេះត្រូវបានដាក់ចេញបន្ទាប់ពីមានការស៊ើបអង្កេតដោយក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកទៅលើពន្ធគយនាំចូល ក្រោមមាត្រា ២៣២ នៃច្បាប់ពង្រីកពាណិជ្ជកម្ម។
លើសពីនេះ នៅពីរបីខែក្រោយមក លោក ត្រាំ បានរិះគន់ម្តងហើយម្តងទៀតទៅលើប្រទេសកាណាដាចំពោះការនាំចេញឈើយ៉ាងច្រើនរបស់ពួកគេ ទៅកាន់សហរដ្ឋអាមេរិក។ លោកបានអះអាងថា នេះបានបង្កហានិភ័យសន្តិសុខជាតិ ដោយសារការនាំចូលឈើរបស់សហរដ្ឋអាមេរិកមួយផ្នែកធំមកពីប្រទេសជិតខាងរបស់ខ្លួនមួយនេះ៕

