ចិន គ្រោងជួបជាមួយស្រីលង្កា ដើម្បីដោះស្រាយបំណុលពាន់លាន​ដុល្លារ

អន្តរជាតិ

ប្រទេសស្រីលង្កា គ្រោងនឹងចាប់ផ្តើមពិភាក្សាជាមួយប្រទេសចិន អំពីការរកដំណោះស្រាយហិរញ្ញប្បទានបំណុលរបស់ខ្លួនឡើងវិញ ខណៈប្រទេសដីកោះមួយនេះ កំពុងប្រឈមមុខជាមួយនឹងវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតមិនធ្លាប់មាន ក្នុងរយ:ពេលជាច្រើនទសវត្សរ៍មកនេះ ។ បើតាមអ្នកនាំពាក្យគណ:រដ្ឋមន្ត្រី បាននិយាយកាលពីថ្ងៃអង្គារ សប្ដាហ៍នេះ។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង លោក Nalaka Godahewa រដ្ឋមន្ត្រីប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសស្រីលង្កា បាននិយាយថា ប្រទេសចិន បានស្នើទៅកាន់រដ្ឋាភិបាលទីក្រុងកូឡុំបូថា ខ្លួនចង់ចាប់ផ្តើមចរចា ដោះស្រាយបំណុលពាន់លានដុល្លាររបស់ខ្លួនឡើងវិញ ។

លើសពីនេះ លោក Godahewa បាននិយាយទៀតថា ការពិភាក្សាជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង គឺស្ថិតនៅដំណាក់កាលដំបូង ពោលគឺចាប់តាំងពី IMF មានឆន្ទ:ក្នុងការជួយប្រទេសស្រីលង្កា ស្របពេលប្រទេសផ្សេងៗទៀត ក៏បានបង្ហាញពីជំហររបស់ពួកគេ ក្នុងការគាំទ្រ រួមទាំងធនាគារពិភពលោក និងទីភ្នាក់ងារផ្សេងៗទៀត ។

គួរឱ្យដឹងផងដែរថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុស្រីលង្កា លោក Ali Sabry បានទៅទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន ដើម្បីពិភាក្សាជាមួយ IMF ធនាគារពិភពលោក រួមទាំងប្រទេសឥណ្ឌា និងប្រទេសដទៃទៀត អំពីជំនួយហិរញ្ញប្បទានសម្រាប់ប្រទេសរបស់ខ្លួន ក្រោយពីបានផ្អាក ចំពោះការទូទាត់សងបំណុលក្រៅប្រទេស ចំនួន ៥១ ពាន់លានដុល្លារ ។

បញ្ជាក់ផងដែរថា ប្រទេសចិន គឺជាអ្នកដែលបានផ្តល់កម្ចីច្រើនជាងគេបំផុត ទៅដល់ប្រទេសស្រីលង្កា ដែលមានចំនួនរហូតដល់ទៅ ៣,៥ ពាន់លានដុល្លារ ។

ដោយឡែក ប្រធានាធិបតី លោក Gotabaya Rajapaksa ក៏ធ្លាប់បានស្នើសុំឱ្យចិន ជួយរៀបចំរចនាសម្ព័ន្ធនៃការសងបំណុលឡើងវិញ នៅពេលដែលគាត់បានជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi កាលពីខែមករាកន្លងទៅ ៕

ប្រភព: CNA