ប្រទេសចិន កាលពីពេលថ្មីៗនេះ បានប្រកាសយកពន្ធឡើងវិញទៅលើឧបករណ៍ និងថ្នាំពន្យារកំណើត ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញអត្រាកំណើតដែលកំពុងធ្លាក់ចុះខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមច្បាប់ថ្មីដែលត្រូវបានចូលជាធរមាននៅថ្ងៃទី១ ខែមករា ស្រោមអនាម័យ និងថ្នាំពន្យារកំណើតឥឡូវនេះនឹងទទួលរងពន្ធគយលើតម្លៃបន្ថែម ១៣% ដែលជាអត្រាស្តង់ដារមួយដែលត្រូវបានអនុម័តលើទំនិញប្រើប្រាស់ភាគច្រើនរួចមកហើយ។ នេះគឺជាការផ្លាស់ប្តូរដ៏សំខាន់មួយ ដោយសារផលិតផលពន្យារកំណើតត្រូវបានលើកលែងពន្ធនៅក្នុងប្រទេសចិនអស់រយៈពេលជាច្រើនទសវត្សមកហើយ ដើម្បីលើកកម្ពស់ផែនការគ្រួសារ។
ជុំវិញផែនការថ្មីនេះ បានកើតឡើងចំពេលរដ្ឋាភិបាលក្រុងប៉េកាំងកំពុងព្យាយាមក្នុងការជំរុញអត្រាកំណើតរបស់ខ្លួនឡើងវិញ។ ចំនួនប្រជាជនចិន ត្រូវបានគេព្យាករថា នឹងបន្តធ្លាក់ចុះសម្រាប់ឆ្នាំទីបីជាប់ៗ ស្របពេលអ្នកជំនាញព្រមានថានិន្នាការធ្លាក់ចុះនេះ នឹងនៅតែបន្ត ប្រសិនបើគ្មានវិធានការដោះស្រាយ។
ជម្រាបជូនថា អត្រាកំណើតរបស់ប្រទេសចិនបានធ្លាក់ចុះអស់រយៈពេលជាច្រើនទសវត្សមកហើយ ដោយសារតែគោលនយោបាយកូនម្នាក់ដែលត្រូវបានអនុវត្តពីឆ្នាំ១៩៨០ ដល់ឆ្នាំ២០១៥ រួមផ្សំជាមួយនឹងការធ្វើនគរូបនីយកម្មយ៉ាងឆាប់រហ័ស។ មិនតែប៉ុណ្ណោះ ការចំណាយខ្ពស់នៃការថែទាំកុមារ និងការអប់រំ រួមផ្សំជាមួយនឹងភាពអសន្តិសុខការងារ និងការធ្លាក់ចុះសេដ្ឋកិច្ច ក៏កំពុងធ្វើឲ្យយុវជនចិនជាច្រើនមិនហ៊ានរៀបការ និងបង្កើតគ្រួសារផងដែរ៕

