ក្រុមហ៊ុនខ្នាតយក្សអាមេរិក Lockheed Martin ទទួលបានកិច្ចសន្យាលក់អាវុធតម្លៃជាង ៣២៨លានដុល្លារ ឲ្យតៃវ៉ាន់

អន្តរជាតិ

យោងតាមមន្ទីរបញ្ចកោណ បានឲ្យដឹងថា ក្រុមហ៊ុន Lockheed Martin ត្រូវបានផ្តល់កិច្ចសន្យាដែលពាក់ព័ន្ធទៅនឹងការលក់អាវុធទៅឲ្យតៃវ៉ាន់ ដើម្បីបំពេញតាមអ្វីដែលទីក្រុងវ៉ាស៊ីនតោន ហៅវាថាជាតម្រូវការប្រតិបត្តិការបន្ទាប់ សម្រាប់កងទ័ពអាកាសតៃវ៉ាន់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលនេះ បានបង្ហាញឲ្យដឹងទៀតថា កិច្ចសន្យានេះមានតម្លៃប្រមាណជាង ៣២៨លានដុល្លារ សម្រាប់ការផ្គត់ផ្គង់ និងការដឹកជញ្ជូនឧបករណ៍ចាប់សញ្ញា ក៏ដូចជាឧបករណ៍ស្វែងរក និងតាមដានកងពល ដើម្បីបំពេញតាមតម្រូវការប្រតិបត្តិការបន្ទាប់របស់កងទ័ពអាកាសតៃវ៉ាន់។

គួរឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោនមានទំនាក់ទំនងការទូតជាផ្លូវការជាមួយប្រទេសចិន ប៉ុន្តែនៅតែបន្តរក្សាទំនាក់ទំនងក្រៅផ្លូវការជាមួយតៃវ៉ាន់ ហើយជាអ្នកផ្គត់ផ្គង់អាវុធសំខាន់បំផុតរបស់កោះមួយនេះ ផងដែរ។

ទន្ទឹមនឹងនេះ តៃវ៉ាន់នៅតែស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីប្រទេសចិនបានធ្វើសមយុទ្ធយោធាដ៏ធំនៅជុំវិញកោះរបស់ខ្លួន កាលពីប៉ុន្មានថ្ងៃមុន ដោយកំពុងតាមដានសមយុទ្ធនេះយ៉ាងប្រុងប្រយ័ត្ន និងរង់ចាំឆ្លើយតបយ៉ាងឆាប់រហ័សបំផុត។

ជម្រាបជូនផងដែរថា នៅពាក់កណ្តាលខែធ្នូកន្លងទៅ រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសលក់អាវុធចំនួន ១១,១ពាន់លានដុល្លារទៅឱ្យកោះតៃវ៉ាន់ ដែលជាកញ្ចប់អាវុធដ៏ធំបំផុតមិនធ្លាប់មានរបស់សហរដ្ឋអាមេរិកសម្រាប់កោះនេះ ដែលកំពុងស្ថិតនៅក្រោមសម្ពាធយោធាកាន់តែខ្លាំងឡើងពីប្រទេសចិន៕