រាជរដ្ឋាភិបាល តាមរយៈក្រសួងពាណិជ្ជកម្ម បានដាក់សម្ភោធនូវសមិទ្ធផលការងារទំនើបកម្មសំខាន់ចំនួន ៤ ដើម្បីអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។ការសម្ពោធនេះ បានធ្វើឡើងនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។

សមិទ្ធផលការងារទំនើបកម្មសំខាន់ចំនួន ៤ ដែលក្រសួងពាណិជ្ជកម្ម បានដាក់សម្ភោធរួមមាន៖ ១. ការធ្វើសាមញ្ញកម្ម និងទំនើបកម្មការងារចុះបញ្ជីពាណិជ្ជកម្ម ២. ការធ្វើទំនើបកម្មការទូទាត់កម្រៃសេវាសាធារណៈ ៣. ការលើកលែងពិន័យខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ និង ៤. កម្មវិធី MOC Mobile App។

សមិទ្ធផលការងារទំនើបកម្មចំនួន ៤ មានសារៈសំខាន់ ដូចជា៖១. ការធ្វើសាមញ្ញកម្មនៃការងារចុះបញ្ជីពាណិជ្ជកម្ម ដែលបានការកាត់បន្ថយនីតិវិធី និងឯកសារតម្រូវដើម្បីសម្របសម្រួលដល់ការចុះបញ្ជីពាណិជ្ជកម្ម អោយកាន់តែមានភាពងាយស្រួល ប្រសិទ្ធភាពខ្ពស់ លឿនរហ័ស និងចំណេញពេលវេលា។ ២. ការធ្វើទំនើបកម្មការទូទាត់កម្រៃសេវាសាធារណៈ ដែលបានបញ្ចូលការទូទាត់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ ដូចជាការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ និងការដាក់ពាក្យស្នើសុំអនុវត្តដីការក្សាការពារ ទៅក្នុង ABA Mini App និង ACLEDA Mini App និងធនាគារផ្សេងៗទៀតក្នុងពេលឆាប់ៗខាងមុខ។

៣. ការលើកលែងការផាកពិន័យខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ ដោយអនុវត្តរាល់ការផាកពិន័យខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ គិតត្រឹមតែ ១ឆ្នាំចុងក្រោយ។និងទី៤. ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធី MOC Mobile App ដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យពាណិជ្ជកម្ម ផ្តោតលើការជួយសម្រួលអនុវត្តនិងលើកកម្ពស់ប្រសិទ្ធការងាររបស់មន្ត្រីក្រសួងពាណិជ្ជកម្មឱ្យកាន់តែមានភាពប្រសើរជាងមុន៕អត្ថបទ៖ហ្សាលីន

