កសិរកចិញ្ចឹមគោយកទឹកដោះ បានសម្រេចចិត្តចាក់ទឹកដោះគោស្រស់ចោលជាង ៤០ តោន បន្ទាប់ពីគ្មានទីផ្សារ និងមិនមានអ្នកទទួលទិញទៀត ដោយលើកឡើងពីវិបត្តិយ៉ាងធ្ងន់ធ្ងរនៅក្នុងឧស្សាហកម្មនេះ ហើយបានជំរុញឲ្យភាគីពាក់ព័ន្ធដោះស្រាយបញ្ហានេះ ជាបន្ទាន់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Thairath។

ប្រភពដដែល បានរាយការណ៍ទៀតថា ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ នៅឯការិយាល័យសហករណ៍ទឹកដោះគោថៃ-ដាណឺម៉ាក ស្ថិតនៅក្នុងស្រុកឡាំសុនធី ខេត្តលពបុរី ដោយកសិករចិញ្ចឹមគោយកទឹកដោះជាច្រើនបានប្រមូលផ្តុំគ្នាដើម្បីចាក់ទឹកដោះគោស្រស់រាប់សិបតោន ចោល។
ទន្ទឹមនឹងនេះ បើតាមប្រធានសហករណ៍ទឹកដោះគោថៃ-ដាណឺម៉ាក បាននិយាយថា សហករណ៍មិនអាចទទួលទិញទឹកដោះគោស្រស់ពីកសិករជាង ២០០ នាក់ដែលនាំយកទឹកដោះគោមកប្រហែល ៦០ ទៅ ៧០ តោនជារៀងរាល់ថ្ងៃបានទេ។ នេះដោយសារតែក្រុមហ៊ុនដែលធ្លាប់ទទួលទិញ លែងទិញទៀត ព្រោះតែគ្មានទីផ្សារ។
ជម្រាបជូនផងដែរថា ទីផ្សារទឹកដោះគោស្រស់របស់ប្រទេសថៃ បច្ចុប្បន្នហាក់កំពុងធ្លាក់ចូលទៅក្នុងវិបត្តិធ្ងន់ធ្ងរ បើទោះបីជាថៃ ជាប្រទេសឈានមុខក្នុងក្នុងតំបន់អាស៊ីអាគ្នេយ៍ ចំពោះការនាំចេញទឹកដោះគោស្រស់ក៏ដោយ។ ក្នុងឆ្នាំ២០២៤ កន្លងទៅ ថៃ កត់ត្រាការនាំចេញទឹកដោះគោស្រស់របស់ខ្លួនបានរហូតដល់ ៥៨២លានដុល្លារ ជាមួយកសិដ្ឋានចិញ្ចឹមគោយកទឹកដោះសរុបជាង ២២ ០០០ កន្លែង៕

