កម្ពុជា-អាម៉េរិ​ក ឯកភាពគ្នាពង្រឹងទំនាក់ទំនងទ្វេភាគីកបន្ថែមទៀត ជាពិសេសលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ

សង្គម​ និង​សេដ្ឋកិច្ច

កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបពិភាក្សាការងារជាមួយលោក Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក្នុងឱកាសដំណើរទស្សនកិច្ចរយៈពេលខ្លីមកកាន់រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ជំនួបនេះបានផ្តល់ឱកាសដើម្បីផ្លាស់ប្តូរយោបល់លើការពង្រឹងទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិកបន្ថែមទៀត ហើយបានធ្វើឡើងបន្ទាប់ពី លោក Michael George DeSombre ចូលជួបសម្តែងការគួរសមចំពោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះការបន្តធ្វើឱ្យកាន់តែស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី រវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ជាពិសេសលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ។ សហរដ្ឋអាម៉េរិកបានស្វាគមន៍ចំពោះការសម្រេចចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ Air Cambodia ក្នុងការទិញយន្តហោះ Boeing យ៉ាងតិច ១០ គ្រឿង ដែលបង្ហាញពីទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរដែលកំពុងកើនឡើង។

ភាគីទាំងពីរក៏បានឯកភាពលើសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ដែលប៉ះពាល់ដល់ប្រទេសជាច្រើននៅទូទាំងពិភពលោក អាម៉េរិកដែលបានផ្តល់ជំនួយចំនួន ភ្នាក់ងារអនុវត្តច្បាប់របស់កម្ពុជា។ ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ក្នុងន័យនេះ លោក ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះសហរដ្ឋអាម៉េរិកដែលបានផ្តល់ជំនួយចំនួន ១០ លានដុល្លារអាម៉េរិក ដើម្បីគាំទ្រការកសាងសមត្ថភាពដល់ភ្នាក់ងារអនុវត្តន៍ច្បាប់របស់កម្ពុជា៕