ប្រទេសចិន បានចាត់ទុកថាការដាក់ពន្ធគយខ្ពស់ ២៥% របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទៅលើប្រទេសដែលជាដៃគូពាណិជ្ជកម្មរបស់អ៊ីរ៉ង់ គឺជាទង្វើនៃការបង្ខិតបង្ខំ និងការដាក់សម្ពាធ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក Liu Bangyu អ្នកនាំពាក្យស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិក បាននិយាយកាលពីពេលថ្មីៗនេះថា ៖” គ្មាននរណាម្នាក់ឈ្នះក្នុងសង្គ្រាមពន្ធ និងសង្គ្រាមពាណិជ្ជកម្មនោះឡើយ។ ហើយការបង្ខិតបង្ខំ និងការដាក់សម្ពាធមិនអាចដោះស្រាយបញ្ហាបាននោះឡើយ ដោយវានឹងធ្វើឲ្យប៉ះពាល់ដល់គ្រប់ភាគីទាំងអស់”។
យ៉ាងណាមិញ ជុំវិញសេចក្តីថ្លែងការណ៍នេះត្រូវបានចេញផ្សាយឡើង ដើម្បីជាការឆ្លើយតបទៅនឹងការប្រកាសរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អំពីពន្ធការដាក់ពន្ធ ២៥% លើប្រទេសណាមួយដែលធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់។
លោក Liu បានសង្កត់ធ្ងន់ទៀតថា ៖”ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះទណ្ឌកម្មឯកតោភាគីខុសច្បាប់ទាំងអស់។ យើងនឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់យើង”។
ជម្រាបជូនថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អ៊ីរ៉ង់ ដែលមានចំនួនប្រហែល ៣០% នៃពាណិជ្ជកម្មបរទេសសរុបរបស់ខ្លួន និងរហូតដល់ ៩០% នៃការនាំចេញប្រេងរបស់ខ្លួន។ តែទោះជាយ៉ាងណាក៏ដោយ យោងតាមរបាយការណ៍ចុងក្រោយបំផុតពីរដ្ឋបាលគយទូទៅចិន (GACC) ដែលចេញផ្សាយនៅចុងខែធ្នូ ឆ្នាំ២០២៥ បានបង្ហាញថា ពាណិជ្ជកម្មរវាងចិន និងអ៊ីរ៉ង់បានថយចុះ ២៤% ក្នុងរយៈពេល ១១ខែដំបូងនៃឆ្នាំមុន៕

