រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១៣ ខែមករា បានបើកភ្លើងខៀវដល់ការនាំចេញបន្ទះឈីប AI កម្រិតខ្ពស់របស់ Nvidia ដែលមានឈ្មោះថា H200 ទៅកាន់ប្រទេសចិនហើយ ប៉ុន្តែត្រូវស្ថិតនៅក្រោមលក្ខខណ្ឌពិសេសមួយចំនួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

យោងតាមច្បាប់ថ្មីនេះ បន្ទះឈីបរបស់ក្រុមហ៊ុន Nvidia ទាំងនោះ នឹងត្រូវបានពិនិត្យដោយមន្ទីរពិសោធសាកល្បងពីភាគីទីបី ដើម្បីបញ្ជាក់ពីសមត្ថភាព AI មុនពេលអាចដឹកជញ្ជូនទៅកាន់ប្រទេសចិនបាន ហើយចំនួនដែលត្រូវដឹកជញ្ជូនទៅនោះ គឺមិនអាចលើសពី ៥០% នៃចំនួនបន្ទះឈីបសរុបដែលលក់ទៅឲ្យអតិថិជនអាមេរិក នោះឡើយ។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Nvidia ក៏ត្រូវបញ្ជាក់ទៀតផងដែរថា ការនាំចេញបន្ទះឈីប H200 របស់ខ្លួន ទៅកាន់ប្រទេសចិននេះ នឹងមិនប៉ះពាល់ដល់តម្រូវការបន្ទះឈីបសម្រាប់អតិថិជនអាមេរិក និងដៃគូសំខាន់ៗរបស់ខ្លួនឡើយ ស្របពេលរដ្ឋាភិបាល ចង់ធានាបានថា បន្ទះឈីបទាំងនោះ នឹងត្រូវបានប្រើប្រាស់សម្រាប់គោលបំណងយោធា ឬសកម្មភាពណាមួយដែលអាចប៉ះពាល់ដល់សន្តិសុខជាតិបានឡើយ។
ជម្រាបជូនផងដែរថា ជុំវិញវិធានការចុងក្រោយនេះ ត្រូវបានគេមើលឃើញថា ជាការបន្ធូរបន្ថយភាពតានតឹងមួយផ្នែក បន្ទាប់ពីសហរដ្ឋអាមេរិក បានធ្វើការរឹតបន្តឹងយ៉ាងខ្លាំងទៅលើការនាំចេញបន្ទះឈីប AI ទៅកាន់ប្រទេសចិន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕

