ក្រុមហ៊ុន Trump Mobile ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ Trump Organization និងជារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាប់ផ្តើមដឹកជញ្ជូនស្មាតហ្វូនម៉ូដែល T1 របស់ខ្លួនដែលមានតម្លៃ ៤៩៩ដុល្លារ ទៅកាន់អតិថិជន បន្ទាប់ពីមានការពន្យារពេលជាយូរ។ នេះបើតាមការចុះផ្សាយពី Reuters។

Trump Mobile ដែលត្រូវបានបង្កើតឡើងដំបូង កាលពីខែមិថុនា ឆ្នាំមុន ដោយក្រុមហ៊ុន Trump Organization ក្រោមកិច្ចព្រមព្រៀងផ្តល់អាជ្ញាប័ណ្ណពាណិជ្ជកម្មស្លាកសញ្ញា បានពន្យារពេលការចេញលក់ទូរស័ព្ទ T1 របស់ខ្លួន ជាលើកដំបូងនៅក្នុងខែតុលា បន្ទាប់ពីមានការដាក់ឲ្យបញ្ជាទិញមុនជាច្រើន។
លោក Pat O’Brien នាយកប្រតិបត្តិក្រុមហ៊ុន Trump Mobile បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ Reuters ថា ទូរស័ព្ទដែលត្រូវបានបញ្ជាទិញជាមុន កំពុងចាប់ផ្តើមដឹកជញ្ជូនដល់អតិថិជនហើយ នៅសប្តាហ៍នេះ។ លោកបាននិយាយទៀតថា ការដាក់លក់ត្រូវបានពន្យារពេល ដោយសារតែក្រុមហ៊ុន ត្រូវធ្វើការតាមរយៈដំណាក់កាលជាច្រើននៃការអភិវឌ្ឍ និងការធ្វើតេស្ត ដើម្បីធានាថាសមាសធាតុរបស់ទូរស័ព្ទថាបានបំពេញតាមស្តង់ដារគុណភាពត្រឹមត្រូវ។
គួរឲ្យដឹងថា ទូរស័ព្ទ T1 មានជម្រើសពណ៌មាសតែមួយប៉ុណ្ណោះ ជាមួយអេក្រង់ទំហំ ៦,៧៨ អ៊ីញ ប្រព័ន្ធដំណើរការ Qualcomm Snapdragon មានប្រព័ន្ធកាមេរ៉ាបី និងថ្មទំហំ ៥ ០០០ មីលីអំពែម៉ោង (mAh) ដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android។
យ៉ាងណាមិញ ក្រុមហ៊ុនមិនបានបង្ហាញថាមានទូរស័ព្ទប៉ុន្មានគ្រឿងដែលត្រូវបានបញ្ជាទិញជាមុន ឬដឹកជញ្ជូនទៅដល់ដៃអតិថិជននោះឡើយ ប៉ុន្តែបាននិយាយថាខ្លួនរំពឹងថាការបញ្ជាទិញដែលនៅសេសសល់ នឹងត្រូវបានបំពេញ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។
ជម្រាបជូណផងដែរថា ទូរស័ព្ទ T1 ត្រូវបានរចនាជាពិសេសឡើង សម្រាប់អ្នកគាំទ្ររបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ផ្ទាល់តែម្តង ដោយស្មាតហ្វូននេះ បានផ្តល់ជូននូវសេវាកម្មពិសេសៗជាច្រើនពាក់ព័ន្ធជាមួយក្រុមហ៊ុន Trump Organization ដែលត្រូវបានដំឡើងនៅក្នុងនោះស្រាប់៕

