រូបិយប័ណ្ណអ៊ីរ៉ង់ ធ្លាក់ចុះដល់បាត ក្រោយភាពតានតឹងជាមួយអាមេរិក និងភាពវឹកវរផ្ទៃក្នុង

អន្តរជាតិ

តម្លៃប្រាក់ Rial របស់ប្រទេសអ៊ីរ៉ង់ បានធ្លាក់ចុះដល់កម្រិតទាបបំផុត នៅលើទីផ្សារក្រៅផ្លូវការ ដោយរូបិយប័ណ្ណមួយនេះ ស្ទើតែគ្មានតម្លៃទាល់តែសោះ បើធៀបទៅនឹងប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិក ខណៈពេលដែលកំពុងមានភាពវឹកវរខ្លាំង នៅក្នុងប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឲ្យដឹងផងដែរថា ក្នុង ១ Rial របស់អ៊ីរ៉ង់ បច្ចុប្បន្ននេះ ធ្លាក់ដល់ ០,០០ដុល្លារ ដែលជាការធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មាន ខណៈពេលដែលអាជ្ញាធររបស់ប្រទេសនេះ កំពុងព្យាយាមបន្ថយកំហឹងរបស់សាធារណជនចំពោះការកើនឡើងនៃតម្លៃ ដោយសារតែភាពវឹកវរ និងភពតានតឹងកាន់តែខ្លាំងឡើងជាមួយសហរដ្ឋអាមេរិក។

ជុំវិញការធ្លាក់ចុះនៃតម្លៃប្រាក់ Rial នេះ​ បានកើតឡើងបន្ទាប់ពីមានការប្រែប្រួលយ៉ាងខ្លាំងគិតចាប់តាំងពីចុងខែធ្នូមក នៅពេលដែលរូបិយប័ណ្ណរបស់ប្រទេសនេះ បានធ្លាក់ចុះជាបន្តបន្ទាប់ ដែលបង្ករឡើងដោយការតវ៉ានៅទីក្រុងតេអេរ៉ង់ និងទីក្រុងធំផ្សេងទៀត ខណៈធ្វើឲ្យវិបត្តិនយោបាយរបស់អ៊ីរ៉ង់ កាន់តែធ្លាក់ដុនដាបខ្លាំង។

យ៉ាងណាមិញ​ ជុំវិញបញ្ហានេះ រដ្ឋបាលរបស់ប្រធានាធិបតី លោក Masoud Pezeshkian បានបង្ហាញសញ្ញាថាខ្លួននឹងផ្លាស់ប្តូរការគាំទ្រឆ្ពោះទៅរកគ្រួសារ រួមទាំងគម្រោងឥណទានអេឡិចត្រូនិកប្រចាំខែ ឬប័ណ្ណបញ្ចុះតម្លៃដែលមានគោលបំណងជួយសម្រួលដល់គ្រួសារដែលមានប្រាក់ចំណូលទាបពីការកើនឡើងនៃតម្លៃ ខណៈដែលរបបឧបត្ថម្ភធនត្រូវបានកាត់បន្ថយ។

ជម្រាបជូនថា សេដ្ឋកិច្ចអ៊ីរ៉ង់ត្រូវបានរងផលប៉ះពាល់ដោយទណ្ឌកម្មជាច្រើនឆ្នាំ និងអតិផរណារ៉ាំរ៉ៃ ហើយប្រជាជនអ៊ីរ៉ង់ជាច្រើនបានងាកទៅរករូបិយប័ណ្ណរឹងរាំផ្សេងទៀត និងមាស ក្នុងអំឡុងពេលមានភាពមិនប្រាកដប្រជាខាងនយោបាយ និងសេដ្ឋកិច្ច៕​