កម្ពុជាតវ៉ាប្រឆាំងនឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលកែប្រែបរិយាកាសសន្ដិសុខនៅតំបន់ជនស៊ីវិល

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្តែងនូវការប្រឆាំងជំទាស់យ៉ាងខ្លាំង របស់កម្ពុជាចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលធ្វើឱ្យមានការកែប្រែនូវបរិយាកាសសន្តិសុខ នៅក្នុង ឬជុំវិញតំបន់ជនស៊ីវិល ពង្រឹងការគ្រប់គ្រងយោធា ឬបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្ដែង ដែលជាមូលហេតុធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹង និងរារាំងដល់ការវិលត្រឡប់ របស់ជនស៊ីវិលទៅកាន់ផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ពួកគេដោយសុវត្ថិភាព និងសេចក្ដីថ្លៃថ្នូរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ក្រសួងការបរទេស បានបន្ថែមថា ការណ៍នេះរួមបញ្ចូលទាំងការរាយបន្លាលួសនៅក្នុងតំបន់ច្រកទ្វារអន្តរជាតិថ្មដា ក្នុងខេត្តពោធិ៍សាត់ នៃប្រទេសកម្ពុជា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦។ សកម្មភាពបែបនេះបង្កនូវក្ដីបារម្ភ យ៉ាងខ្លាំងចំពោះអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ហើយពុំសមស្របទៅនឹងវិធានការកាត់បន្ថយភាពតានតឹង ដែលមានចែងក្នុងចំណុចទី១ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ។

ក្រសួងការបរទេស បញ្ជាក់ថា ជារឿងមានសារៈសំខាន់ដែលត្រូវគូសបញ្ជាក់ថា សេចក្តីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ ត្រូវបានព្រមព្រៀងគ្នាថា ជាក្របខ័ណ្ឌគ្រប់ជ្រុងជ្រោយ និងគាំទ្រគ្នាទៅវិញទៅមក ដោយមាន គោលបំណងចម្បងបន្ធូរបន្ថយស្ថានការណ៍គាំពារ និងស្តារប្រក្រតីភាពនៃការរស់នៅរបស់ជនស៊ីវិល ព្រមទាំងការដោះស្រាយជម្លោះដោយសន្តិវិធី ហើយមិនមែនដើម្បីពង្រឹងវត្តមានយោធាឡើយ។

នៅក្នុងបរិបទនេះ កម្ពុជាអំពាវនាវឱ្យប្រទេសថៃអនុវត្តឱ្យបានពេញលេញ និងស្មោះត្រង់នូវ គ្រប់ប្រការទាំងអស់ នៃសេចក្ដីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធនានា។ កម្ពុជាបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងប្រកាន់ខ្ជាប់នូវគោលការណ៍ ព្រំដែនមិនត្រូវបានកែប្រែដោយប្រើកម្លាំងនោះឡើយ៕