អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​ ពុះពិនិត្យមើលតម្រូវការរបស់ប្រជាពលរដ្ឋភៀសសឹកនៅក្នុងខេត្តព្រះវិហារ

សង្គម​ និង​សេដ្ឋកិច្ច

នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសិង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹក និងពិនិត្យមើលពីតម្រូវការស្ថានភាពជាក់ស្ដែង នៅតាមបណ្ដាមណ្ឌលសុវត្ថិភាពនានា ក្នុងខេត្តព្រះវិហារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការចុះត្រួតពិនិត្យនេះគឺដើម្បីធានាឲ្យបាននូវ សណ្តាប់ធ្នាប់ និងសុវត្ថិភាពល្អ នៅក្នុងមណ្ឌលនីមួយៗ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាទីជម្រកសមរម្យ ការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រើប្រាស់ ព្រមទាំងការបំពេញតម្រូវការចាំបាច់ផ្សេងៗ សម្រាប់ប្រជាពលរដ្ឋដែលបានភៀសខ្លួនមកស្នាក់អាស្រ័យបណ្ដោះអាសន្ន។

សូមបញ្ជាក់ថា បើតាមក្រសួងការពារជាតិ ការបើកការបាញ់ប្រហាររបស់យោធាថៃទៅលើទីតាំងប្រជាជនស៊ីវិល ចាប់តាំងពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ គិតត្រឹមវេលាម៉ោង ៦ព្រឹកនេះ បានបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជាចំនួន ០៧នាក់បាត់បង់ជីវិត និងរបួសចំនួន ២០នាក់ និងរាប់រយគ្រួសារត្រូវបានជម្លៀសទៅកាន់តំបន់សុវត្ថិភាព។ នៅក្នុងនោះដែរគ្រឹះស្ថានសិក្សាក្នុងខេត្តចំនួន៥ ក្រុងស្រុកចំនួន១៣ ត្រូវបិទទ្វារ ធ្វើឲ្យប៉ះពាល់ គ្រូ ៤ ៦៥០នាក់ សិស្ស ១២៩ ១០៦នាក់ ដោយសារការវាយប្រហាររបស់ យោធាថៃ។

ក្រសួងការពារជាតិ បានចាត់ទុកទង្វើទាំងអស់នេះ បង្ហាញយ៉ាងច្បាស់ការណ៍ដែលភាគីថៃបានរំលោភបំពានលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ” ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សីរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន៕