ខេត្តកំពង់ស្ពឺ នឹងមានរោងចក្រផលិតដើមណូអែល គ្រឿងលម្អ និងគ្រឿងបន្លាស់តម្លៃជាង១០លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

នាពេលឆាប់ៗខាងមុខនេះ ខេត្តកំពង់ស្ពឺ នឹងមានរោងចក្រផលិតដើមណូអែល គ្រឿងលម្អ និងគ្រឿងបន្លាស់តម្លៃជាង១០លានដុល្លារអាមេរិក ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមហ្វេសប៊ុករបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ បានប្រកាសចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផលិតដើមណូអែល គ្រឿងលម្អ និងគ្រឿងបន្លាស់ដើមណូអែលគ្រប់ប្រភេទ ក្នុងទំហំទុនវិនិយោគប្រមាណ ១០,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៦០កន្លែង។

គម្រោងរោងចក្រ ក្រោមទុនវិនិយោគប្រមាណ ១០,១លានដុល្លារអាម៉េរិកនេះ ត្រូវបានចេញវិញ្ញាបនបត្រដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥។

គម្រោងវិនិយោគបង្កើត រោងចក្រផលិតដើមណូអែល គ្រឿងលម្អ និងគ្រឿងបន្លាស់ដើមណូអែលគ្រប់ប្រភេទ នឹងត្រូវបោះទីតាំងស្ថិតនៅភូមិត្រពាំងក្រឡឹង ឃុំគិរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ហើយវិនិយោគដោយក្រុមហ៊ុន REGAL COLLECTIONS CO., LTD។

សូមជម្រាបថា ​បើគិត​ក្នុងរយៈពេល៨ខែ នៃឆ្នាំ២០២៥  CDC បានសម្រេចុះបញ្ជីគម្រោងវិនិយោគចំនួន ៤៩១គម្រោង ក្នុងទំហំទុនវិនិយោគសរុប​ប្រមាណ ៧,២ ប៊ី(ពាន់)​លានដុល្លារ គឺគម្រោងវិនិយោគបាន​កើនឡើងចំនួន ២០៤គម្រោង ស្មើនឹងប្រមាណ ៧១% ខណៈទុនវិនិយោគបាន​កើនឡើងប្រមាណ ២,៥ ពាន់​លានដុល្លារ ស្មើនឹង​ប្រមាណ ៥០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

ដោយឡែកក្នុងខែសីហា ឆ្នាំ២០២៥វិញ CDC បានបញ្ជាក់ថា បានសម្រេច​ចុះបញ្ជីឱ្យ​គម្រោងវិនិយោគសរុបចំនួន ៥១គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៦០៨ លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ២៧ ពាន់កន្លែង។ ទុន​វិនិយោគ​ពី​សំណាក់​វិនិយោគិន​កម្ពុជាបាន​ឈាន​មុខគេ​ដោយ​មាន​ចំណែក ៤៥,៤៨% តាម​ពី​ក្រោយ​ដោយ​ប្រទេស​ចិន សិង្ហបុរី, អង់គ្លេសជាដើម​។៕ អត្ថបទ៖ហ្សាលីន