ក្រសួងការបរទេស៖ ដំណើរចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ របស់កម្ពុជា ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់និងអន្តរជាតិ

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានបញ្ជាក់ថា ការអញ្ជើញចូលរួមរបស់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ នៅប្រទេសចិន គឺដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់និងអន្តរជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានឱ្យដេងថា ការអញ្ជើញចូលរួមរបស់សម្ដេចធិបតី ក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ នឹងបញ្ជាក់ជាថ្មីនូវ ការគាំទ្ររបស់កម្ពុជាចំពោះគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ។

ជាងនេះទៀត ដំណើរចូលរួមរបស់ថ្នាក់ដឹកនាំកម្ពុជានាពេលនេះ ក៏បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវប្រកបដោយ គុណភាពខ្ពស់ សម្រាប់កំណើនរួម សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់និងអន្តរជាតិផងដែរ។

ក្រសួងការបរទេស បានបញ្ជាក់ទៀតថា ការចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ (3′ BRF) សម្រាប់កិច្ចសហប្រតិបត្តិការ អន្តរជាតិនេះ គឺនឹងប្រព្រឹត្តពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលាឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង។ ចំពោះមូលបទន កិច្ចប្រជុំនេះ គឺ «កិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវ ប្រកបដោយគុណភាពខ្ពស់៖ រួមគ្នាដើម្បីការ អភិវឌ្ឍ និងវិបុលភាពរួម»។

ក្រសួងបន្តថា នៅក្នុងវេទិកាខ្សែក្រវាត់និងផ្លូវនេះ សម្ដេច នឹងថ្លែងសុន្ទរកថាគន្លឹះ ស្ដីពី «សេដ្ឋកិច្ចឌីជីថល ជាប្រភពនៃកំណើនថ្មី»។ អំឡុងពេលចូលរួមវេទិកានេះ សម្ដេចធិបតីនឹងជួបពិភាក្សាជាមួយ លោកប្រធានាធិបតី ស៊ី ជីនពីង និងថ្នាក់ដឹកនាំចិនដទៃទៀត ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិ ការក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី ព្រមទាំងមានជំនួបពិភាក្សាដាច់ដោយឡែកពីគ្នា ជាមួយឥស្សរជន បរទេសដទៃទៀតផងដែរ។

គួរបញ្ជាក់ដែរថា ដំណើរចូលរួមរបស់ថ្នាក់ដឹកនាំកម្ពុជានាពេលនេះ គឺធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន។ចំពោះមន្រ្តីជាន់ខ្ពស់ដែលអញ្ជើញអមដំណើរ សម្ដេចហ៊ុន ម៉ាណែត ទៅចូលរួមវេទិការនេះ រួមមាន៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និង ជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីមួយចំនួន មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ ព្រមទាំង ថ្នាក់ដឹកនាំវិស័យឯកជន៕ ​អត្ថបទ៖ ពិសី