ក្រសួងចេញសេចក្តីសម្រេចបង្កើតក្រុមការងារសិក្សាអំពីការលើកកម្ពស់ភាពប្រកួតប្រជែង របស់អាកាសយានដ្ឋាន​អន្តរជាតិតេជោ រួមមាន ឧកញ៉ា វ៉ាន់ ឆារស៍ ជាសមាជិក

ជុំវិញ​ឧកញ៉ា

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ បានចេញសេចក្តីសម្រេច​បង្កើត «ក្រុមការងារសិក្សា​អំពី​ការលើកកម្ពស់ភាពប្រកួតប្រជែង របស់អាកាសយានដ្ឋាន​អន្តរជាតិតេជោ» ដោយមាន ប្រធាន អនុប្រធាន សមាជិក សមាជិកា សរុបចំនួន ៣២រូប រួមមានទាំង ឧកញ៉ា វ៉ាន់ ឆារស៍ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) ជាសមាជិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្តីសម្រេចលេខ ០៧៦ សហវ.សសរ.គសហ ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារសិក្សា​អំពី​ការលើកកម្ពស់ភាពប្រកួតប្រជែង របស់អាកាសយានដ្ឋាន​អន្តរជាតិតេជោ» មាន ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន, ឯកឧត្តម ស៊ីម វីរៈ អនុរដ្ឋលេខាធិការក្រសួង​សេដ្ឋកិច្ច និងជាអគ្គលេខាធិការរង ជាអនុប្រធានប្រចាំការ និងឯកឧត្តម សយ សុខាន់ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល ជាអនុប្រធាន ព្រមទាំងសមាជិក សមាជិកា ចំនួន ២៩រូប​ផ្សេង​ទៀត។

សូមជម្រាបថា ក្រុមការងារនេះមានតួនាទី និងភារកិច្ច ដូចខាងក្រោម៖

១.ដឹកនាំ និងសម្របសម្រួល ដើម្បីធ្វើការសិក្សា និងលើកអនុសាសន៍ ដោះស្រាយបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងកម្រៃសេវាសម្រាប់អ្នកដំណើរ និងសេវាកម្ម​អាកាសចរណ៍នានា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ សំដៅកាត់បន្ថយបន្ទុកធុរកិច្ច និងបង្កើតភាពងាយ​ស្រួល​ក្នុងការធ្វើធុរកិច្ច និងបង្កើតភាពងាយស្រួលក្នុងការធ្វើ​ធុរកិច្ច និងវិនិយោគ។

២.សិក្សា និងកំណត់យន្តការ និងស្នើឡើងនូវវិធានការមុតស្រួច ដែលមានលក្ខណៈអន្តរស្ថាប័ន ដើម្បីលើកកម្ពស់​ភាព​ប្រកួតប្រជែងរបស់អាកាសយានដ្ឋានអន្តរជាតិតេជោឱ្យកាន់តែមានឧត្តមភាព និងសក្តានុពលខ្ពស់ សម្រាប់​ជំរុញការលូតលាស់នៃវិស័យអាកាសចរណ៍ ទេសចរណ៍ ឡូជីស្ទីក និងវិស័យពាក់ព័ន្ធដទៃទៀត។

៣.ពិនិត្យ តាមដាន និងវាយតម្លៃប្រសិទ្ធភាពនៃយន្តការ និងវិធានការ ដែលបានដាក់ឱ្យអនុវត្ត និងរៀបចំ​របាយការណ៍វឌ្ឍនភាពការងារ ដើម្បីជូនរាជរដ្ឋាភិបាល តាមរយៈគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (គ.ស.ហ.) ព្រមទាំងបំពេញភារកិច្ចផ្សេងទៀត តាមការណែនាំរបស់ គ.ស.ហ.៕