ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ បានចេញសេចក្តីសម្រេចបង្កើត «ក្រុមការងារសិក្សាអំពីការលើកកម្ពស់ភាពប្រកួតប្រជែង របស់អាកាសយានដ្ឋានអន្តរជាតិតេជោ» ដោយមាន ប្រធាន អនុប្រធាន សមាជិក សមាជិកា សរុបចំនួន ៣២រូប រួមមានទាំង ឧកញ៉ា វ៉ាន់ ឆារស៍ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) ជាសមាជិក។

យោងតាមសេចក្តីសម្រេចលេខ ០៧៦ សហវ.សសរ.គសហ ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារសិក្សាអំពីការលើកកម្ពស់ភាពប្រកួតប្រជែង របស់អាកាសយានដ្ឋានអន្តរជាតិតេជោ» មាន ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន, ឯកឧត្តម ស៊ីម វីរៈ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងជាអគ្គលេខាធិការរង ជាអនុប្រធានប្រចាំការ និងឯកឧត្តម សយ សុខាន់ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាអនុប្រធាន ព្រមទាំងសមាជិក សមាជិកា ចំនួន ២៩រូបផ្សេងទៀត។
សូមជម្រាបថា ក្រុមការងារនេះមានតួនាទី និងភារកិច្ច ដូចខាងក្រោម៖
១.ដឹកនាំ និងសម្របសម្រួល ដើម្បីធ្វើការសិក្សា និងលើកអនុសាសន៍ ដោះស្រាយបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងកម្រៃសេវាសម្រាប់អ្នកដំណើរ និងសេវាកម្មអាកាសចរណ៍នានា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ សំដៅកាត់បន្ថយបន្ទុកធុរកិច្ច និងបង្កើតភាពងាយស្រួលក្នុងការធ្វើធុរកិច្ច និងបង្កើតភាពងាយស្រួលក្នុងការធ្វើធុរកិច្ច និងវិនិយោគ។
២.សិក្សា និងកំណត់យន្តការ និងស្នើឡើងនូវវិធានការមុតស្រួច ដែលមានលក្ខណៈអន្តរស្ថាប័ន ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងរបស់អាកាសយានដ្ឋានអន្តរជាតិតេជោឱ្យកាន់តែមានឧត្តមភាព និងសក្តានុពលខ្ពស់ សម្រាប់ជំរុញការលូតលាស់នៃវិស័យអាកាសចរណ៍ ទេសចរណ៍ ឡូជីស្ទីក និងវិស័យពាក់ព័ន្ធដទៃទៀត។
៣.ពិនិត្យ តាមដាន និងវាយតម្លៃប្រសិទ្ធភាពនៃយន្តការ និងវិធានការ ដែលបានដាក់ឱ្យអនុវត្ត និងរៀបចំរបាយការណ៍វឌ្ឍនភាពការងារ ដើម្បីជូនរាជរដ្ឋាភិបាល តាមរយៈគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) ព្រមទាំងបំពេញភារកិច្ចផ្សេងទៀត តាមការណែនាំរបស់ គ.ស.ហ.៕






