ក្រុមហ៊ុនខ្នាតយក្សវៀតណាម Viettel បានបើកការដ្ឋានសាងសង់រោងចក្រផលិតបន្ទះឈីប Semiconductor ដំបូងបំផុតរបស់ប្រទេស ស្ថិតនៅក្នុងតំបន់ Hoa Lac Hi-Tech Park ទីក្រុងហាណូយ ដោយមានគម្រោងផលិតបន្ទះឈីបទំហំ ៣២ ណាណូម៉ែត្រ នៅឆ្នាំក្រោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Expess។

យោងតាមលោក Tao Duc Thang ដែលជាប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Viettel បានថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រលាតសន្ធឹងលើផ្ទៃដីទំហំ ២៧ ហិកតាថា នៅចន្លោះឆ្នាំ២០២៧ ដល់ ២០៣០ ក្រុមហ៊ុនរបស់លោក មានគម្រោងកែលម្អ និងបង្កើនប្រសិទ្ធភាពដំណើរការផលិត និងបង្កើនប្រសិទ្ធភាពខ្សែសង្វាក់ផលិតកម្មស្របតាមស្តង់ដារឧស្សាហកម្ម ដោយបង្កើតជាមូលដ្ឋានគ្រឹះសម្រាប់ការស្រាវជ្រាវលើបច្ចេកវិទ្យាផលិតបន្ទះឈីបកម្រិតខ្ពស់ជាងមុន។
យ៉ាងណាមិញ គម្រោងនេះនឹងក្លាយជាជំហានថ្មីមួយ ក្នុងនាមជារោងចក្រផលិតបន្ទះឈីបក្នុងស្រុកដំបូងបំផុតរបស់ប្រទេសវៀតណាម និងសម្រាប់ការដាក់មូលដ្ឋានគ្រឹះដើម្បីធ្វើជាម្ចាស់លើបច្ចេកវិទ្យាស្នូល និងការរីកចម្រើននៃសេដ្ឋកិច្ចឌីជីថល នាពេលអនាគត។
ជម្រាបជូនថា នៅពេលដែលរោងចក្រនេះដំណើរការរួចរាល់ វាត្រូវបានគេរំពឹងថានឹងអាចផ្គត់ផ្គង់បន្ទះឈីបដល់ឧស្សាហកម្មសំខាន់ៗដូចជា អាកាសចរណ៍ ទូរគមនាគមន៍ ឧបករណ៍អ៊ីនធឺណិត ការផលិតរថយន្ត ឧបករណ៍វេជ្ជសាស្ត្រ និងស្វ័យប្រវត្តិកម្ម៕

