អ្នកឧកញ៉ា ម៉ម វណ្ណឌី ជួបពិភាក្សាជាមួយក្រុមហ៊ុន AGROTOP មកពីប្រទេសអ៊ីស្រាអែល លើគម្រោងវិនិយោគ​ការចិញ្ចឹមមាន់នៅកម្ពុជា

ជុំវិញ​ឧកញ៉ា

នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ អ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជន​កម្ពុជា តំណាងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគម បានជួប​ពិភាក្សា​ការងារជាមួយលោក Israel Moseson ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន AGROTOP ដែលជាក្រុមហ៊ុន​មក​ពីប្រទេសអ៊ីស្រាអែល លើគម្រោងវិនិយោគការចិញ្ចឹមមាន់នៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជំនួបនេះធ្វើឡើងនៅទីស្នាក់ការកណ្តាលសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលមាន​ទីតាំង​ស្ថិត​នៅភូមិ​ស្លាបតាអោន ឃុំគគីរ ស្រុកគៀនស្វាយ ខេត្តកណ្តាល។

ក្នុងជំនួបពិភាក្សាធុរកិច្ចនេះ អ្នកឧកញ៉ា ម៉ម វណ្ណឌី មានប្រសាសន៍ថា ក្នុងនាមអនុប្រធានសមាគម ទទួលបន្ទុក​ការងារ​ធុរកិច្ច និងវិនិយោគ និងក្នុងនាមសមាគមអតីតយុទ្ធជន និងនិវត្តជន​កម្ពុជា ពិតជាមានក្តីរីករាយ​ដែល​ក្រុមហ៊ុន AGROTOP ចាប់អារម្មណ៍ចង់មកវិនិយោគផ្នែកចិញ្ចឹមមាន់នៅកម្ពុជា។ អ្នកឧកញ៉ា បន្តថាក្នុងនាម​សមាគម នឹងរង់ចាំសហការ និងជួយសម្រួលរាល់កិច្ចការគម្រោងវិនិយោគស្របច្បាប់នានា ជូនវិនិយោគិន​ដែល​ចង់​មកវិនិយោគនៅកម្ពុជា។

លោក Israel Moseson ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន AGROTOP បានលើកឡើងថា លោកពិតជារីករាយ​ណាស់ និងសូមអរគុណដល់ អ្នកឧកញ៉ា ក៏ដូចជាសមាគមអតីតយុទ្ធជន និងនិវត្តជន​កម្ពុជា ដែលបានទទួល​ស្វាគមន៍យ៉ាងកក់ក្តៅ ហើយលោករំពឹងថាជំនួបពិភាក្សាការងារលើកទី១ ជាមួយសមាគមស្តីពីគម្រោងវិនិយោគ​របស់​ក្រុមហ៊ុន AGROTOP នៅកម្ពុជា នឹងទទួលបានលទ្ធផលល្អ។ ក្នុងកិច្ចពិភាក្សានេះ លោកបានបង្ហាញ​ការ​ចាប់​អារម្មណ៍ខ្ពស់​ក្នុងការមកវិនិយោគនៅកម្ពុជា។ នៅជំហ៊ានបន្ទាប់ ក្រុមហ៊ុនរបស់លោក នឹងបញ្ជូនក្រុមការងារ​មក​សិក្សាពីទីផ្សារ និងតម្រូវការសាច់ និងចំណីអាហារនៅកម្ពុជាបន្ថែម ព្រមទាំងពន្លឿនកិច្ចការឯកសារនានា ឱ្យបាន​ឆាប់រហ័ស។

អ្នកឧកញ៉ា ម៉ម វណ្ណឌី បានគូសបញ្ជាក់ថា ឱកាសវិនិយោគស្ថិតក្នុងស្ថានភាពជម្លោះព្រំដែនរវាងកម្ពុជា-ថៃ នាពេល​បច្ចុប្បន្ននេះ គឺជាពេលវេលាមួយដ៏ល្អសម្រាប់ក្រុមហ៊ុនដែលចង់ផលិតនូវផលិតផលនានា នៅក្នុងប្រទេសកម្ពុជា ដោយសារ​តែពេលនេះ ប្រជាជនកម្ពុជាស្ទើរតែទាំងអស់ បានផ្លាស់ប្តូរ និងមានទំនោរខ្លាំងមកគាំទ្រផលិតផល​ក្នុង​ស្រុក។ ដូច្នេះម្ចាស់ក្រុមហ៊ុន អាជីវកម្ម សហគ្រាសនានា នឹងជោគជ័យ ហើយមិនសូវចំណាយច្រើន លើការ​ផ្សព្វ​ផ្សាយផលិតផលនោះឡើយ។

សូមជម្រាបថា ក្រៅពីកិច្ចពិភាក្សាធុរកិច្ច អ្នកឧកញ៉ា ម៉ម វណ្ណឌី ក៏បានជម្រាបប្រាប់ដល់ប្រតិភូវិនិយោគិនរបស់​ក្រុមហ៊ុន AGROTOP ពីបច្ចុប្បន្នភាព និងវឌ្ឍនភាពថ្មីៗរបស់សមាគមអតីតយុទ្ធជន និងនិវត្តជន​កម្ពុជា និងឱកាស​ពិសេសក្នុងការវិនិយោគផ្នែកកសិកម្ម នៅភូមិគម្រូរបស់អតីតយុទ្ធជន គឺភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ត្រយឹង ដែលមានទីតាំងនៅឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់៕