យោងតាមអ្នកនាំពាក្យម្នាក់របស់វិមានក្រឹមឡាំងបាននិយាយថា ឈ្មោហរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចនឹងត្រូវចារទុកនៅក្នុងប្រវត្តិសាស្រ្ត ប្រសិនបើលោកអាចយកកោះ Greenland របស់ប្រទេសដាណឺម៉ាក មកគ្រប់គ្រងបាននោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃទី១៩ ខែមករាថា ៖” មានអ្នកជំនាញអន្តរជាតិជាច្រើនដែលជឿថា លោក ត្រាំ នឹងពិតជាត្រូវបានចុះទុកនៅក្នុងប្រវត្តិសាស្រ្ត បើសិនបើលោកអាចដោះស្រាយបញ្ហានៃការដាក់បញ្ចូលកោះ Greenland។ វាមិនត្រឹមតែនៅក្នុងប្រវត្តិសាស្រ្តរបស់អាមេរិកប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងប្រវត្តិសាស្រ្តរបស់ពីភពលោកផងដែរ”។
យ៉ាងណាក៏ដោយ លោក Peskov បានសង្កត់ធ្ងន់ទៀតថា លោកកំពុងតែបញ្ជាក់អំពីការពិតប៉ុណ្ណោះ ជាជាងនិយាយវែកញែករកខុសត្រូវចំពោះសកម្មភាពរបស់ប្រធានាធិបតីអាមេរិក ទៅលើបញ្ហាកោះ Greenland នេះ។
គួរឲ្យដឹងថា កោះ Greenland គឺជាកោះធំជាងគេបំផុតរបស់ពិភពលោក ដែលមានទីតាំងនៅជិតអាមេរិកខាងជើង រវាងមហាសមុទ្រអាត្លង់ទិក និងអាកទិក។ កោះនេះ ដែលជាកម្មសិទ្ធិរបស់ប្រទេសដាណឺម៉ាក មានប្រជាជនសរុបចំនួន ៥៧,០០០ នាក់ និងមានផ្ទៃដីប្រហែល ២.១៦ លានគីឡូម៉ែត្រការ៉េ ធំជាងប្រទេសម៉ិកស៊ិក និងធំជាងរដ្ឋតិចសាសរបស់សហរដ្ឋអាមេរិកជាងបីដង។
ជម្រាបជូនផងដែរថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថ្មីៗនេះបានបញ្ជាក់ម្តងហើយម្តងទៀតអំពីតម្រូវការក្នុងការគ្រប់គ្រង Greenland ដើម្បីគោលបំណងរក្សាសន្តិសុខ៕

