គិតមកដល់បច្ចុប្បន្ននេះ ខេត្តកំពង់ឆ្នាំងមានរោងចក្រ សហគ្រាសចំនួន ៤៩៤កន្លែង និងមានកម្មករនិយោជិតដែលកំពុងបម្រើការក្នុងវិស័យនេះ ប្រមាណជិត៧ម៉ឺននាក់។

នេះបើយោងតាមប្រសាសន៍របស់លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តសាកល្បង លើការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិតឱ្យកាន់តែមានផាសុកភាព និងសុវត្ថិភាព និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តដឹកជញ្ជូនកម្មករនិយោជិត ជាលើកទី២ ត្រូវបានរៀបចំឡើងដោយបេឡាជាតិសន្តិសុខសង្គម នៅរោងចក្រ ស៊ិនគី អឹភែរឹល (SHINKI APPAREL (CAMBODIA)) ក្នុងខេត្តកំពង់ឆ្នាំង កាលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦។

យោងតាមរបាយការណ៍របស់ លោក ស៊ុន សុវណ្ណារិទ្ធិ ដែលបានបង្ហាញនាឱកាសនោះ បានឱ្យដឹងថា អាជ្ញាធរខេត្តបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់ផាសុកភាព និងសុវត្ថិភាពកម្មករ ខណៈលោកថាបច្ចុប្បន្ន ខេត្តកំពង់ឆ្នាំងមានរោងចក្រ សហគ្រាសចំនួន ៤៩៤កន្លែង មានកម្មករនិយោជិតចំនួន ៦៩ ៦៦១នាក់។

ចំណែកស្ថិតិយានយន្ត និងអ្នកបើកបររថយន្តដឹកជញ្ជូនកម្មករវិញ លោកថា នៅក្នុងខេត្តកំពង់ឆ្នាំង សរុបមានចំនួន ៣ ៣០៨គ្រឿង ក្នុងនោះរថយន្តដឹកកម្មករមានចំនួន ៣ ២៤៨គ្រឿង ដែលមានកម្មករជិះរថយន្តសរុបចំនួន ១៣៦ ៦៦០នាក់។
សូមរម្លឹកថា ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៥ កម្ពុជា បន្តទទួលបានគម្រោងថ្មី ៦០៩គម្រោង ក្នុងទុនវិនិយោគ $៩,៥ប៊ីលានដុល្លារ ដោយក្នុងនោះខេត្តកំពង់ឆ្នាំងទទួលបាន ២១គម្រោង។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC កាលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥៕ អត្ថបទ៖ហ្សាលីន

