ទំហំពាណិជ្ជកម្ម កម្ពុជា-ថៃ កើនឡើង១៤%ដោយសារសេដ្ឋកិច្ចកម្ពុជាល្អជាងឆ្នាំ២០២៣

សង្គម​និង​សេដ្ឋកិច្ច

ក្នុងរយៈពេល២ខែដើមឆ្នាំ២០២៤នេះ ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា-ថៃ មានទំហំពាណិជ្ជកម្មសរុប ជាង៧៥០ពាន់ដុល្លារ កើនឡើងជាង១៤% ហើយការកើនឡើងនេះត្រូវបានប្រធានសមាគមពាណិជ្ជកម្មថៃប្រចាំកម្ពុជាមើលឃើញ ដោយសារសេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំ២០២៤នេះ ល្អជាងឆ្នាំ២០២៣ ហើយមានក្តីរំពឹងខ្ពស់ថាទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរនឹងកើនឡើង១៥%ក្នុងឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញជាមួយប្រទេសសំខាន់ពីខែមករាដល់ខែកុម្ភៈឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបង្ហាញថា ក្នុងរយៈពេល២ខែដំបូងដើមឆ្នាំ២០២៤នេះ ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា ថៃមានទឹកប្រាក់ជាង៧៥០ពាន់ដុល្លារ កើនឡើងប្រមាណ១៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មសរុបមានជាង៦៥៦ពាន់ដុល្លារ។

របាយការណ៍បញ្ជាក់បន្ថែមទៀតថា ការនាំចេញនៅក្នុងរយៈពេល២ខែដំបូងឆ្នាំ២០២៤ធ្លាក់ចុះ ០,២% ហើយការនាំចូលមានការកើនឡើងប្រមាណ២០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំ២០២៣។

លោកស្រី ជី រ៉ាណាន់វង្សមង្គល ប្រធានសមាគមពាណិជ្ជកម្មថៃ ប្រចាំកម្ពុជាមើលឃើញថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ ក្នុងរយៈពេល២ខែដើមឆ្នាំ២០២៤កើនឡើងនេះ ដោយសារតែសេដ្ឋកិច្ចរបស់កម្ពុជាងើបឡើងវិញ ហើយតម្រូវការនាំចូលទំនិញមានច្រើនជាងពេលមុន ។

លោកស្រី បន្តថា «ខ្ញុំសង្ឃឹមថានៅពេលខាងមុខទំហំពាណិជ្ជកម្មនៃប្រទេសទំាងនឹងនៅតែបន្តកើនឡើងបន្ថែមទៀតដោយសារចរន្តសេដ្ឋកិច្ចរបស់កម្ពុជាល្អជាងឆ្នំាមុន, ភ្ញៀវទេសចរចូលមកកម្ពុជាច្រើន, ដូចនេះខ្ញុំរំពឹងថាទំហំពាណិជ្ជកម្មរវាងកម្ពុជា ថៃនៅឆ្នាំ២០២៤ កើនឡើងយ៉ាងតិចក៏១៥% ដែរបើប្រៀបធៀបនឹងឆ្នាំ២០២៣»៕ តាកែវ