អាជ្ញាធរវៀតណាម រកឃើញអាហារបំប៉នក្លែងក្លាយរាប់រយតោន មានតម្លៃសរុបជិត ៧០លានដុល្លារ

អន្តរជាតិ

យោងតាមអាជ្ញាធរវៀតណាម បាននិយាយថា អ្នកប្រើប្រាស់រាប់លាននាក់អាចនឹងត្រូវរងប៉ះពាល់យ៉ាងខ្លាំង ដោយសារតែអាហារបំប៉នក្លែងក្លាយ បន្ទាប់ពីក្រុមប៉ូលិស បានរកឃើញប្រតិបត្តិការផលិតកម្មដ៏ធំមួយនៅក្នុងសួនឧស្សាហកម្មនៃទីក្រុងហាណូយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមអ្នកស៊ើបអង្កេតបានចោទប្រកាន់ថា រោងចក្រមួយដែលដំណើរដោយក្រុមហ៊ុន Medistar Vietnam បានផលិត និងលក់អាហារបំប៉នក្លែងក្លាយរាប់រយតោននៅទូទាំងប្រទេស អស់រយៈពេលជាងមួយទសវត្សមកហើយ ដោយបង្កើតបានប្រាក់ចំណូលសរុបរហូតដល់ទៅជិត ១,៧ទ្រីលានដុង (៦៥,៥លានដុល្លារ)។

ប៉ូលីសខេត្ត Lao Cai បានចោទប្រកាន់លោក Doan Trung Duc អាយុ ៤៦ឆ្នាំ ដែលជាអគ្គនាយកក្រុមហ៊ុន Medistar Vietnam រួមជាមួយបក្ខពួកចំនួនប្រាំនាក់ផ្សេងទៀត ពីបទផលិត និងជួញដូរផលិតផលអាហារក្លែងក្លាយ និងសារធាតុបន្ថែមអាហារ ក៏ដូចជាការរំលោភលើបទប្បញ្ញត្តិគណនេយ្យដែលបង្កផលវិបាកធ្ងន់ធ្ងរ។

នៅរោងចក្រ Medistar មួយកន្លែងក្នុងសួនឧស្សាហកម្ម Quang Minh ក្នុងទីក្រុងហាណូយ ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា ពួកគេបានរកឃើញផលិតផលអាហារបំប៉នក្លែងក្លាយ និងគុណភាពអន់រាប់ពាន់មុខ ដែលកំពុងត្រូវបានផលិត និងវេចខ្ចប់សម្រាប់ចែកចាយ។ ទំនិញក្លែងក្លាយទាំងនោះត្រូវបានគេរាយការណ៍ថា រួមមានអាហារបំប៉នកូឡាជែន វីតាមីន ផលិតផលសុខភាពសន្លាក់ និងជំនួយដល់ការរំលាយអាហារ។

ជម្រាបជូនផងដែរថា ជុំវិញការរកឃើញដំបូងបង្ហាញថា ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០២៥ ក្រុមហ៊ុននេះបានលក់អាហារបំប៉នក្លែងក្លាយរាប់រយតោននៅលើទីផ្សារ ដែលបង្កឱ្យមានហានិភ័យធ្ងន់ធ្ងរដល់សុខភាពអ្នកប្រើប្រាស់ និងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកប្រើប្រាស់។ អាជ្ញាធរក៏បានចោទប្រកាន់ផងដែរថា ប្រាក់រាប់រយពាន់លានដុងត្រូវបានរក្សាទុកពីក្នុងបញ្ជីសម្រាប់ប្រាក់ចំណេញខុសច្បាប់ ដែលបណ្តាលឱ្យមានការខាតបង់ពន្ធយ៉ាងច្រើនសម្រាប់រដ្ឋ៕​