ប្រតិភូសហព័ន្ធសិក្សាស្រាវជ្រាវសេដ្ឋកិច្ចឧស្សាហកម្មចិន ចង់វិនិយោគបង្កើតរោងចក្រផលិតក្រដាសអនាម័យនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

គណៈប្រតិភូសហព័ន្ធសិក្សាស្រាវជ្រាវសេដ្ឋកិច្ចឧស្សាហកម្មតំបន់ឆ្នេរ ក្វាងតុង-ហុងកុង-ម៉ាកាវ (Guangdong-Hong Kong-Macao Greater Bay Area Economic and Industrial Research Association) បានសម្រេចចិត្តបោះទុនវិនិយោគបង្កើតរោងចក្រផលិតក្រដាសអនាម័យនៅកម្ពុជានាពេលខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមជំនួបពិភាក្សារវាងលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក លាំង សុងស៊ូ (Liang Songshou) ប្រធានសហព័ន្ធសិក្សាស្រាវជ្រាវសេដ្ឋកិច្ចឧស្សាហកម្មតំបន់ឆ្នេរក្វាងតុង-ហុងកុង-ម៉ាកាវ កាលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦។

នាឱកាសនោះ លោក លាំង សុងស៊ូ បានឱ្យដឹងថា ជំនួបពិភាក្សានេះ ដើម្បីជម្រាបពីបំណងមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ លោកបានបន្ថែមថាក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ សហព័ន្ធបានដឹកនាំក្រុមហ៊ុនជាច្រើនមកធ្វើទស្សនកិច្ចសិក្សា និងស្វែងយល់ពីបរិស្ថានវិនិយោគនៅកម្ពុជា។ លោកថា នាពេលនេះ ក្រុមហ៊ុនដែលជាសមាជិកសហព័ន្ធ បានសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជាដើម្បីបង្កើតរោងចក្រផលិតក្រដាសអនាម័យ សម្ភារៈការិយាល័យ និងថាមពលកកើតឡើងវិញ។

ជាការឆ្លើយតប លោកអគ្គលេខាធិការបានសម្តែងនូវការគាំទ្រ និងស្វាគមន៍ចំពោះគម្រោងវិនិយោគដែលបានស្នើឱ្យមានការយកទុកដាក់ខ្ពស់លើវិធានការការពារបរិស្ថាន។ លោកក៏បានផ្តល់អនុសាសន៍ណែនាំឱ្យលោក លាំង សុងស៊ូ ធ្វើការគិតគូរបង្កើតតំបន់សេដ្ឋកិច្ចពិសេសដែលផ្តោតលើការផលិតក្រដាស និងសម្ភារៈការិយាល័យនៅទីតាំងជាក់លាក់ណាមួយ ហើយក្រុមហ៊ុនអាចផលិតថាមពលកកើតឡើងវិញដើម្បីផ្គត់ផ្គង់ដល់ផលិតកម្មក្នុងតំបន់នោះ។

យ៉ាងណាមិញ ក្នុងជំនួបនោះដែរ គណៈកម្មាធិការវិនិយោគកម្ពុជា បានសង្កត់ធ្ងន់ដែរថា ដើម្បីធានាដល់ខ្សែច្រវាក់ផ្គត់ផ្គង់ ក្រុមហ៊ុនក៏ត្រូវមានការគិតគូរពីការរៀបចំមូលដ្ឋានផលិត ឬខ្សែច្រវាក់ផលិតកម្មផលិតវត្ថុធាតុដើម ឬផលិតផលពាក់កណ្តាលសម្រេចនៅកម្ពុជាដើម្បីផ្គត់ផ្គង់ដល់ឧស្សាហកម្មនាំចេញ។ លើសពីនេះ ការវិនិយោគកែច្នៃកសិផលនៅកម្ពុជាក៏កំពុងមានសក្តានុពលផងដែរ។ជាថ្មីម្តងទៀត គណៈកម្មាធិការវិនិយោគកម្ពុជា ក៏បានស្នើឱ្យក្រុមហ៊ុនរួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជីវិនិយោគនៅគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើម្បីឆាប់ទទួលបានផលពីកាលានុវត្តភាពនៅកម្ពុជាផងដែរ៕អត្ថបទ៖ហ្សាលីន