(រាជធានីភ្នំពេញ)៖ នាថ្ងៃអង្គារ ទី២០ ខែមករា ឆ្នាំ២០២៦ ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ក្នុង ពិធីពិសារអាហារថ្ងៃត្រង់និងជំនួបពាណិជ្ជកម្ម ក្រោមប្រធានបទ បង្កើតឱកាសអាជីវកម្មសកលតាមរយៈហុងកុង ដែលរៀបចំឡើង ក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មរបស់តំបន់ស្វយ័តហុងកុង (HKTDC)។

សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយអំពីការធ្វើពាណិជ្ជកម្ម និងការវិនិយោគជាលក្ខណៈអន្តរជាតិ ព្រមទាំងជម្រុញកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងហុងកុង ឱ្យមានភាពប្រសើរឡើង ព្រមទាំងទទួលបាននូវឱកាសទីផ្សារល្អៗ និងយុទ្ធសាស្ត្រភាពជាដៃគូផងដែរ។
នៅក្នុងឱកាសនោះផងដែរ លោក Leung Kwan Ho នាយកតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូងនៃ HKTDC បានមានប្រសាសន៍ថា “បេសកកម្មរបស់យើងគឺសាមញ្ញ៖ ដើម្បីលើកទឹកចិត្តធុរជនហុងកុង កាន់តែច្រើនឱ្យស្វែងរកឱកាសនៅកម្ពុជា និងគាំទ្រក្រុមហ៊ុនកម្ពុជាក្នុងការពង្រីកទៅកាន់ទីក្រុងហុងកុង”។
លោកបានបន្តថា ការបង្កើតការិយាល័យប្រឹក្សាយោបល់ HKTDC ថ្មីមួយនៅរាជធានីភ្នំពេញ ដឹកនាំដោយលោក Larry Ng Shuen Fai នឹងផ្តល់ការគាំទ្រសម្រាប់ការតភ្ជាប់អាជីវកម្ម ពិព័រណ៍ពាណិជ្ជកម្ម ការតាំងពិព័រណ៍ និងការណែនាំជាក់ស្តែងសម្រាប់ក្រុមហ៊ុនដែលកំពុងស្វែងរកឱកាសនៅក្រៅប្រទេស។
សូមបញ្ជាក់ថា វិនិយោគិនដែលបានចូលរួមក្នុងជំនួបនេះ មានឱកាសទទួលបានព័ត៌មានថ្មីៗ អំពីការអភិវឌ្ឍទីផ្សារក្នុងតំបន់ និងពិភពលោក ស្វែងរកឱកាសអាជីវកម្ម និងការវិនិយោគ តាមរយៈទីក្រុងហុងកុង, កសាងបណ្តាញជាមួយអ្នកពាក់ព័ន្ធសំខាន់ៗ និងដៃគូដែលមានសក្តានុពល, ស្វែងយល់អំពីពិព័រណ៍ពាណិជ្ជកម្ម បេសកកម្ម និងគំនិតផ្តួចផ្តើមអាជីវកម្មរបស់ HKTDC នាពេលខាងមុខផងដែរ៕







