អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ បានផ្ញើសារលិខិតជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាអនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងឱកាសក្នុងឱកាសខួបចម្រើនជន្មាយុ។

ក្នុងខ្លឹមសារលិខិត អ្នកឧកញ៉ា គិតម៉េង បានសរសេរសារជូនពរបែបនេះថា “លោកជំទាវបណ្ឌិត ជាទីគោរពដ៏ខ្ពង់ខ្ពស់! នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃពិធីខួបចម្រើនជន្មាយុ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា និងជាអនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ដែលប្រារព្ធនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ខ្ញុំបាទ និងភរិយា ព្រមទាំងប្រធានសភាពាណិជ្ជកម្មរាជធានី- ខេត្ត ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងសមាជិកសមាជិកា នៃសភាពាណិជ្ជកម្មកម្ពុជា សូមសម្តែងនូវក្តីអំណរសាទរឥតឧបមា ចូលរួមជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សេរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់យ៉ាង និងសូមគោរពជូនពរលោកជំទាវបណ្ឌិត និងសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងក្រុមគ្រួសារជាទីស្រលាញ់ សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា និងជន្មាយុយឺនយូរ ដើម្បី បំពេញតួនាទីដ៏ឧត្តុង្គឧត្តមក្នុងការដឹកនាំ សមាគមកាយឫទ្ធិនារីកម្ពុជា និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និង ចលនាកាកបាទក្រហមកម្ពុជា ឱ្យសម្រេចបាននូវសមិទ្ធផលជាច្រើន ជាពិសេសការបំពេញនូវបេសកកម្មមនុស្សធម៌ សប្បុរសធម៌ និងកិច្ចការសង្គម ដើម្បីជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ សំដៅការលើកកម្ពស់សិទ្ធិនារី កិត្យានុភាពជាតិ សុខុមាលភាព និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ”។
អ្នកឧកញ៉ា គិត ម៉េង បានបន្ថែមថា៖ “សូម លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា អគ្គស្នងការនៃ សមាគមកាយឫទ្ធិនារីកម្ពុជា និងជាអនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំទាំងអស់គ្នា”៕



