រដ្ឋមន្រ្តីឧស្សាហកម្ម៖ «បច្ចុប្បន្ន កម្ពុជាកំពុងឈានដល់ដំណាក់កាលដ៏សំខាន់នៃបរិវត្តកម្មសេដ្ឋកិច្ច»

សង្គម​ និង​សេដ្ឋកិច្ច

លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា កម្ពុជា ជាមជ្ឈមណ្ឌលផលិតកម្ម និងវិនិយោគកាន់តែមានសក្តានុពល ទន្ទឹមនឹងការផ្លាស់ប្តូរនៃខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ ដោយផ្តោតលើការកសាងភាពធន់ និរន្តរភាព និងផលិតកម្មដែលមានតម្លៃបន្ថែមខ្ពស់។ លោកក៏បានបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាកំពុងឈានដល់ដំណាក់កាលដ៏សំខាន់នៃបរិវត្តកម្មសេដ្ឋកិច្ចរបស់ខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ហែម វណ្ណឌី បានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំកំពូលនាយកប្រតិបត្តិ និងសហគ្រិនឆ្នាំ២០២៦ ដែលប្រមូលផ្តុំអ្នកដឹកនាំធុរកិច្ច វិនិយោគិន និងសហគ្រិនមកពីទូទាំងទ្វីបអាស៊ី និងតំបន់ផ្សេងទៀត ដើម្បីស្វែងរកឱកាសវិនិយោគ ផ្គូផ្គងធុរកិច្ចដោយផ្ទាល់ និងបង្កើតភាពជាដៃគូក្នុងឧស្សាហកម្មនៅកម្ពុជា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។

ថ្លែងក្នុងឱកាសនោះ បានលើកឡើងថា៖ “បច្ចុប្បន្ន កម្ពុជាកំពុងឈានដល់ដំណាក់កាលដ៏សំខាន់នៃបរិវត្តកម្មសេដ្ឋកិច្ចរបស់ខ្លួន។ គន្លងនៃការអភិវឌ្ឍត្រូវបានដឹកនាំដោយស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជាមួយនឹងការប្តេជ្ញាចិត្តមុះមុតចំពោះកំណើនដែលដឹកនាំដោយវិស័យឯកជន ក្រោមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។”

លើសពីនេះ កម្ពុជាមានទីតាំងយុទ្ធសាស្ត្រស្ថិតនៅចំកណ្តាលតំបន់អាស៊ាន ដែលផ្តល់ឱ្យវិនិយោគិននូវលទ្ធភាពឈានចូលទីផ្សារតំបន់ និងសកល តាមរយៈកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន (AFTA) កិច្ចព្រមព្រៀង RCEP ព្រមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងពហុភាគីជាច្រើន ដែលត្រូវបានគាំទ្របន្ថែមដោយការវិនិយោគជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលលើហេដ្ឋារចនាសម្ព័ន្ធ ច្រករបៀងឡូជីស្ទីក តំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្ម។

ក្នុងន័យនេះ លោករដ្ឋមន្រ្ត៏ក៏បានលើកទឹកចិត្តវិនិយោគិនបរទេស ឱ្យបង្កើតភាពជាដៃគូរឹងមាំជាក់ស្តែង ជាមួយសហគ្រាសកម្ពុជា ជាពិសេសសហគ្រាសធុនតូច និងមធ្យមដែលកំពុងត្រៀមខ្លួនពង្រីកផលិតកម្ម និងធ្វើសមាហរណកម្មចូលក្នុងខ្សែច្រវាក់តម្លៃតំបន់ និងសកល។

ជាមួយគ្នានេះ កម្ពុជាមានការពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ផលិតកម្ម រួមទាំងថាមពលស្អាត ដែលប្រមាណ ៦២ ភាគរយនៃថាមពលអគ្គិសនីរបស់កម្ពុជាបច្ចុប្បន្ន បានមកពីប្រភពកកើតឡើងវិញ។ លោកគូសបញ្ជាក់ថា “សម្រាប់ក្រុមហ៊ុនផលិត ការវិវត្តទាំងនេះមិនត្រឹមតែគាំទ្រដល់ទំនួលខុសត្រូវផ្នែកបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែក៏គាំទ្រផ្ទាល់ដល់ស្ថិរភាពចំណាយ ភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ អនុលោមភាពបរិស្ថាន-សង្គម-អភិបាលកិច្ច (ESG) និងលក្ខខណ្ឌតម្រូវរបស់អ្នកទិញ ហើយរាជរដ្ឋាភិបាលកំពុងជំរុញការលើកកម្ពស់ប្រសិទ្ធភាពថាមពល ផលិតកម្មស្អាត និងការទទួលបានហិរញ្ញប្បទានបៃតង។”

សូមបញ្ជាក់ដែរ ក្នុងឆ្នាំ២០២៥ កម្ពុជាបានអនុម័តគម្រោងវិនិយោគដែលមានទុនសរុបជាង ១០ពាន់លានដុល្លារអាមេរិក។ លោក ហែម វណ្ណឌី បញ្ជាក់ថានេះជាកម្រិតទុនវិនិយោគខ្ពស់បំផុតមិនធ្លាប់មាន ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិនលើការអាចព្យាករណ៍បានផ្នែកគោលនយោបាយ កំណែទម្រង់ និងការរំពឹងទុកកំណើនរយៈពេលវែង។

គិតត្រឹមខែធ្នូ ឆ្នាំ២០២៥ កម្ពុជាក៏មានរោងចក្រធុនធ្ងន់ចំនួន ៣,០៨៣ កំពុងដំណើរការនៅទូទាំងប្រទេស (កើនឡើងចំនួន ៦៥៨ រោងចក្រ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤) ដែលបង្កើតជាមូលដ្ឋានពិពិធកម្មឧស្សាហកម្មកាន់តែចម្រុះ គ្របដណ្តប់លើវិស័យសម្លៀកបំពាក់ ស្បែកជើង កសិ-ឧស្សាហកម្ម អេឡិចត្រូនិក ឧស្សាហកម្មគាំទ្រ សម្ភារសំណង់ និងកម្មន្តសាលដែលជំរុញដោយបច្ចេកវិទ្យាថ្មីៗ៕