អ្នកសេដ្ឋកិច្ច៖ ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៤ កំណត់២០៤ដុល្លារ មានកម្រិតខ្ពស់ធៀបទៅនឹងការលូតលាស់វិស័យកាត់ដេរ

សង្គម​និង​សេដ្ឋកិច្ច

ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ និយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតផលស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបសម្រាប់ឆ្នាំ២០២៤ មានចំនួន២០៤ដុល្លារអាមេរិកក្នុងមួយខែផ្តល់ជូនកម្មករពេញសិទ្ធិដែលនឹងទទួលបានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤តទៅនេះ ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចមើលឃើញថាវាមានកម្រិតខ្ពស់បើប្រៀបធៀបទៅនិងការរីកលូតលាស់នៃវិស័យកាត់ដេរនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបណ្ឌិត គី សិរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា« ការកំណត់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៤ ចំនួន២០៤ដុល្លារអាមេរិកនេះខ្ញុំគិតថាប្រាក់ឈ្នួលនេះមានកម្រិតមួយរាងខ្ពស់ បើប្រៀបធៀបទៅនិងការលូតលាស់នៃវិស័យមួយនេះ។ ដោយសារវិស័យកាត់ដេររបស់យើងមិនមានការលូតលាស់លឿនខ្លំាងហើយប្រាក់ចំណូលក៏មិនមានការកើនឡើងខ្លំាង ដោយសារជួបវិបត្តិនៃការបញ្ជាទិញនៅលើសកលលោក»។

បើអ្នកស្រាវជ្រាវសេដ្ឋកិច្ចក្នុងស្រុករូបនេះមើលឃើញថា ការតម្លើប្រាក់ខែដល់កម្មករនិយោជិតមានចំនួន២០៤ដុល្លារអាមេរិកក្នុងមួយខែនេះ សម្រាប់ភាគីនិយោជកហាក់មិនសូវជាសប្បាយចិត្តនោះទេដោយសារថ្លៃដើមផលិតបានកើនឡើងខ្ពស់នាពេលខាងមុខ។

លោកបណ្ឌិត សង្កត់ធ្ងន់ថា«ការតម្លើងប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៤នេះ ខ្ញុំសូមចូលរួមអបអរសាទរជាមួយកម្មករដែលបានឡើង។ប៉ុន្តែសម្រាប់ភាគីនិយោជកវិញហាក់ដូចជាមិនសូវសប្បាយចិត្តទេ ដោយសារថ្លៃដើមផលិតបានកើនឡើងខ្ពស់ ហើយបាត់បង់ឱកាសនៅក្នុងការប្រកួតប្រជែង។ ដូចនេះការកំណត់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៤នេះមានន័យថារាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋ ទោះបីជាស្ថានភាពនៃសេដ្ឋកិច្ចយើងជួបប្រទះវិបត្តិក៏ដោយ ក៏នៅតែជំរុញឱ្យការកំណត់ប្រាក់ឈ្នួលនេះកើនឡើងពី២០០ទៅ២០៤ដុល្លារអាមេរិកនៅឆ្នាំ២០២៤»។

ទន្ទឹមនឹងការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតផលស្បែកជើងនិងផលិតផលធ្វើដំណើរនិងកាបូបសម្រាប់ឆ្នាំ២០២៤នៅថ្ងៃនេះ ចំនួន២០៤ដុល្លារអាមេរិក គេសង្កេតឃើញថាមុខទំនិញមួយចំនួនលក់នៅមុខរោងចក្របានលក់ឡើងថ្លៃទាញយកប្រយោជន៍ពីកម្មករនិយោជិតរួចបាត់ទៅហើយ។

អ្នកស្រី ពេជ្រ សារ៉េត កម្មការិនីធ្វើការនៅរោងចក្រស្បែកជើងតាកែវ ស៊ូ(ខេមបូឌា)បានឱ្យដឹងថា «ខ្ញុំចង់ឱ្យមានការតម្លើងប្រាក់ឈ្នួលនៅឆ្នាំ២០២៤បានខ្ពស់ជាងឆ្នំា២០២៣ ព្រោះប្រាក់ខែខ្ញុំមិនទាន់ទទួលបានផង កាហ្វេរលក់នៅមុខរោងចក្រឡើងថ្លៃមុនបាត់ទៅហើយ។កាហ្វេធ្លាប់ទិញហូបកាលពីមុន មួយកែវថ្លៃត្រឹមតែ២៥០០រៀលតែមកដល់ឥលូវនេះមួយកែវថ្លៃ៣០០០រៀល កាហ្វេទឹកដោះគោពីមុន៣៥០០ឡើង៤០០០រៀលក្នុងមួយកែវ។លើសពីនេះសម្ភារៈប្រើប្រាស់មួយចំនួនផ្សេងទៀតក៏ឡើងថ្លៃតាគ្នាផងដែរ»។

លោកបណ្ឌិត គី សិរី វឌ្ឍន៍ មានប្រសាសន៍ថា«ដើម្បីឱ្យកម្មករទទួលបានផលប្រយោជន៍នេះ យើងត្រូវជំរុញការផលិតនៅក្នុងស្រុកឱ្យបានច្រើន ដើម្បីទម្លាក់ថ្លៃទំនិញនៅក្នុងស្រុកឱ្យទាប ពិសេសការដំាដុះបន្លែ ត្រីសាច់ជំរុញឱ្យមានការរីកចម្រើនលឿន ហើយលក់មានតម្លៃទាប ធ្វើឱ្យការចំណាយរបស់កម្មករតិច ហើយប្រាក់ខែដែលគាត់បានមកធ្វើឱ្យចាយវាយមានភាពងាយស្រួល»។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី២៨ខែកញ្ញានេះបញ្ជាក់ថា«ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ បងប្អូនកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរផលិតផលស្បែកជើងនិងផលិតផលធ្វើដំណើរនិងកាបូប នឹងមានប្រាក់ឈ្នួលអប្បបរមាចំនួន២០៤ដុល្លារអាមេរិកក្នុងមួយខែចំពោះកម្មករនិយោជិតពេញសិទ្ធិ និងចំនួន២០២ដុល្លារអាមេរិកក្នុងមួយខែចំពោះកម្មករនិយោជិតសាកល្បង»៕

អត្ថបទ៖សារេត