ស្ថាប័នជំនាញ ជំរុញគម្រោងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែននៅកម្ពុជា (3CEP)

សង្គម​ និង​សេដ្ឋកិច្ច

ស្ថាប័នជំនាញ បានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព ដើម្បីជំរុញការរៀបចំគម្រោងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែននៅកម្ពុជា (3CEP)។កិច្ចប្រជុំនេះ បានធ្វើឡើងកាលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ដឹកនាំដោយ លោកស្រី ឥម នីថារ៉ា រដ្ឋលេខាធិការ និងជានាយកគម្រោង និងមានការអញ្ជើញចូលរួមពី ប្រធានគ្រប់គ្រងគម្រោង ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមកពីអគ្គនាយកដ្ឋានពាក់ព័ន្ធដែលជាសមាជិកគម្រោង ព្រមទាំងតំណាងសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI-BOTEK JV ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងកិច្ចប្រជុំនោះ ស្ថាប័នជំនាញ បានត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំគម្រោងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែននៅព្រះរាជាណាចក្រកម្ពុជា (Cambodia Cross-border Connectivity Enhancement Project ហៅកាត់ថា 3CEP ) ក្រោមក្របខណ្ឌហិរញ្ញប្រទានសហប្រតិបត្តិការពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)

ជារួម គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តសកម្មភាពនានា ក្នុងដំណាក់កាលនៃការរៀបចំគម្រោង 3CEP ជាពិសេសគឺផ្ដោតលើ (១)-លទ្ធផលការងារសម្រេចបាន ដោយសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI-BOTEK JV រួមជាមួយបញ្ហាប្រឈម និងសំណូមពរនានា និង (២)-ការត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយសម្រាប់បេសកកម្មលើកទី៦ មកកម្ពុជា របស់ក្រុមអ្នកជំនាញការនៃធនាគារ AIIB។

សូមបញ្ជាក់ជូនបន្ថែមថា៖ គម្រោង 3CEP នេះ នឹងប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ដែលត្រូវបានរំពឹងទុកថា សមិទ្ធផលនៃគម្រោងនេះ នឹងជួយគាំទ្រដល់វិស័យដឹកជញ្ជូនក្នុងការពង្រឹងការតភ្ជាប់ និងជំរុញកំណើននៃរំហូរប្រតិបត្តិការដឹកញ្ជូនក្នុងតំបន់ភូមិភាគឦសាន និងឆ្លងកាត់ព្រំដែន ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល។ ជាពិសេស គម្រោងនេះក៏នឹងជម្រុញការតភ្ជាប់ និងធ្វើឱ្យប្រសើរឡើងស្ថានីយនិងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនអន្តរជាតិ(CBF) សម្រួលការដឹកជញ្ជូន ពាណិជ្ជកម្ម ទេសចរណ៍ឆ្លងកាត់ព្រំដែនអន្តរជាតិនិងការតភ្ជាប់សេដ្ឋកិច្ចក្នុងក្របខ័ណ្ឌ៖ ១-កិច្ចសហប្រតិបត្តិការក្នុងមហាអនុតំបន់មេគង្គ(GMS)២-កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-វៀតណាម ៣-ចូលរួមចំណែក អនុវត្តផែនការមេ អភិវឌ្ឍតំបន់ភូមិភាគឦសាន (ប៉ូលសេដ្ឋកិច្ចទី៥) និង៤-អនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកកម្ពុជា ផងដែរ៕

អត្ថបទ៖ហ្សាលីន