ទំនប់អាងទឹកវិទ្យាស្ថានពហុជំនាញតេជោសែន ក្នុងខេត្តតាកែវ សម្រេចបានប្រមាណ ៩០%ហើយ

សង្គម​ និង​សេដ្ឋកិច្ច

គិតមកដល់ពេលនេះ គម្រោងសាងសង់ទំនប់អាងទឹកវិទ្យាស្ថានពហុជំនាញតេជោសែន ស្ថិតក្នុងឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ សម្រេចបានប្រមាណ ៩០%ហើយ។ នេះបើយោងតាម ក្រសួងធនធានទឹក និងឧតុនិយម ក្នុងឱកាស លោក ប៊ុន ហ៊ាន រដ្ឋលេខាធិការ ដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងសាងសង់ទំនប់អាងទឹកវិទ្យាស្ថានពហុជំនាញតេជោសែន កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការបញ្ជាក់របស់ក្រុមការងារអនុវត្តគម្រោងបានឱ្យដឹងថា គោលបំណងនៃការសាងសង់ទំនប់អាងទឹកនេះ គឺដើម្បីរក្សាស្តុកទឹកទុកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងជួយបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដាំដុះដំណាំចំការចំនួន១៥០ហិកតា ជូនដល់បងប្អូនប្រជាកសិករប្រមាណ១១៦គ្រួសារ ក្នុងភូមិត្រពាំងក្រញូង នៃឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។

លោក ប៊ុន ហ៊ាន បានផ្តាំផ្ញើដល់ក្រុមការងារអនុវត្តគម្រោងរបស់នាយកដ្ឋានវិស្វកម្ម ត្រូវបន្តយកចិត្តទុកដាក់អនុវត្តការងារទៅតាមបទដ្ឋានបច្ចេកទេសឱ្យបានហ្មត់ចត់ ធ្វើយ៉ាងណាឱ្យមានសុវត្ថិភាព គុណភាព សោភ័ណភាព ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងជំរុញអនុវត្តការងារឱ្យសម្រេចបានតាមផែនការដែលបានគ្រោងទុក។

សូមជម្រាបថា គម្រោងសាងសង់ទំនប់អាងទឹកវិទ្យាស្ថានពហុជំនាញតេជោសែន បានចាប់ផ្តើមអនុវត្តការងារនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ដែលការងារសំខាន់ៗ រួមមាន៖ ១)សាងសង់ទំនប់អាងទឹកកម្ពស់១២ម៉ែត្រ ទទឹងខ្នងទំនប់ប្រវែង១៤ម៉ែត្រ និងបណ្តោយប្រវែង១៣០ម៉ែត្រ និង២)សាងសង់សំណង់សិល្បការ្យសរុបចំនួន២កន្លែងគឺ សាងសង់សំណង់លូចំនួន១កន្លែង និងសំណង់បង្ហៀរចំនួន១កន្លែង៕