ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅសប្ដាហ៍ក្រោយនេះ រាជធានីភ្នំពេញ មានឱកាសការងារផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលវិលត្រឡប់មកកម្ពុជាវិញ ចំនួន ២៦,៤៥៣ កន្លែង។

បើតាមក្រសួងការងារ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ឱកាសការងារទាំងអស់នោះមាននៅក្នុងវិស័យចំនួនបីគឺ ឧស្សាហកម្ម សេវាកម្ម និងកសិកម្ម។ នៅក្នុងនោះ មានជ្រើសរើសជាច្រើនផ្នែកដូចជា អ្នកបញ្ជាម៉ាស៊ីនដេរ កម្មករក្នុងផលិតកម្ម ផ្នែកដេរ អ្នកបើកបរ អ្នកចេះប៉ាក់ មន្រ្ដីឥណទាន អ្នកបកប្រែ អ្នកការពារសន្ដិសុខ ផ្នែកជ័រកៅស៊ូ អ្នកបច្ចេកទេសការផលិត រួមទាំងមានផ្នែកផ្សេងៗជាច្រើនទៀតផងដែរ។
សូមជម្រាបជូនថា ចាប់តាំងពីខែកក្កដារហូតមកដល់ពេលបច្ចុប្បន្ននេះ បងប្អូនដែលជាអតីតពលករដែលវិលត្រឡប់មកកម្ពុជាវិញប្រមាណជាង ៣១ម៉ឺននាក់ ទទួលបានការងារធ្វើនៅក្នុងប្រទេស។ ប្រសិនបើបងប្អូន កំពុងស្វែងរកការងារធ្វើ សូមទំនាក់ទំនងមក ១២៩៧៕





