ក្រសួងរ៉ែ និងថាមពល ចេញសេចក្តីជូនដំណឹងស្ដីពីការផ្អាកទទួលពាក្យស្នើសុំបង្កើតស្ថានីយប្រេងនិងឧស្ម័នឥន្ធនៈថ្មី ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងរ៉ែ និងថាមពល ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្រសួងរ៉ែ និងថាមពល នឹងផ្អាកទទួលពាក្យស្នើសុំបង្កើតស្ថានីយប្រេងនិងឧស្ម័នឥន្ធនៈថ្មីជាបណ្តោះអាសន្ន ចាប់ពី ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីពិនិត្យនិងកែសម្រួលបទប្បញ្ញត្តិ បច្ចេកទេសសុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយប្រេងនិងឧស្ម័នឥន្ធន:ឡើងវិញ និងកំណត់គោលការណ៍ក្នុងការ អនុញ្ញាតឱ្យបង្កើតស្ថានីយថ្មីផងដែរ។
ក្រសួងរ៉ែ និងថាមពល ក៏បានបញ្ជាក់ថា ចំពោះស្ថានីយប្រេងនិងឧស្ម័នឥន្ធនៈដែលកំពុងដំណើរការ ក្រសួងនៅបន្តទទួលពាក្យស្នើសុំ វិញ្ញាបនបត្របញ្ជាក់បច្ចេកទេសសុវត្ថិភាព បន្តសុពលភាព ផ្ទេរសិទ្ធិ និងកែសម្រួលស្ថានីយ ជាធម្មតា៕


