ឯកឧត្តម វ៉ី សំណាង សម្តែងការកោតសរសើរចំពោះក្រុមហ៊ុន ដាវី ស៉ីអេច អ៉ីមផត អិចផត ឯ.ក ដែលច្នៃកាកសំណល់ស្រាបៀរទៅជាផលិតផលស្នាដៃខ្មែរ

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានបង្ហាញនូវមោទនភាព និងការវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដាវី ស៉ីអេច អ៉ីមផត អិចផត ឯ.ក (Davy CH Import Export Co., Ltd) ដែលបានបង្ហាញពីភាពច្នៃប្រឌិតខ្ពស់ ក្នុងការផលិតផលិតផលស្នាដៃកូនខ្មែរពិតៗ ដោយយកកាកសំណល់ចេញពីផលិតកម្មស្រាបៀរមកកែច្នៃជាប្រយោជន៍ដល់សង្គម និងសេដ្ឋកិច្ច។ នេះបើយោងតាមការលើកឡើងរបស់ ឯកឧត្តមអភិបាល ក្នុងឱកាសដឹកនាំគណប្រតិភូរដ្ឋបាលខេត្តតាកែវ ទស្សនកិច្ចនៅរោងចក្រ ផ្ទាល់ ស្ថិតនៅភូមិក្ដីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាថ្ងៃសុក្រ ទី២៣ ខែមករា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ថា ចំពោះការកែច្នៃកាកសំណល់ទៅជាធនធានមានតម្លៃរបស់ក្រុមហ៊ុន ដាវី ស៉ីអេច អ៉ីមផត អិចផត ឯ.ក បានក្លាយជាគំរូឈានមុខមួយក្នុងការកែច្នៃកាកសំណល់ឧស្សាហកម្ម ដោយបានយក កាកសំណល់ស្រាបៀរ  មកឆ្លងកាត់ចង្វាក់ផលិតកម្មយ៉ាងផ្ចិតផ្ចង់ ដើម្បីបង្កើតចេញជាផលិតផលសំខាន់ៗចំនួន ២ ដែលរួមមាន៖ ការធ្វើជាចំណីសត្វ ផ្តល់ នូវអាហារូបត្ថម្ភខ្ពស់សម្រាប់វិស័យកសិកម្ម និងយកមកកែច្នៃធ្វើជាអាល់កុល សម្រាប់បម្រើឱ្យតម្រូវការទូទៅក្នុងទីផ្សារបច្ចុប្បន្ន។

ក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង បានបញ្ជាក់បន្ថែមថា សកម្មភាពរបស់ក្រុមហ៊ុនមិនត្រឹមតែជួយបង្កើតការងារដល់ប្រជាពលរដ្ឋក្នុងស្រុក ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយផលប៉ះពាល់បរិស្ថាន តាមរយៈការគ្រប់គ្រង និងប្រើប្រាស់កាកសំណល់ឡើងវិញជួយលើកកម្ពស់ផលិតផលក្នុងស្រុក ដោយបានបង្ហាញថា ខ្មែរមានសមត្ថភាពផលិត ផលិតផលដែលមានគុណភាពមិនចាញ់បរទេស និងជួយគាំទ្រសេដ្ឋកិច្ចជាតិ ដើម្បីកាត់បន្ថយការនាំចូលផលិតផលពីក្រៅប្រទេស។

ឯកឧត្តមបន្តទៀតថា នេះគឺជាមោទនភាពមួយដែលយើងឃើញសហគ្រាសក្នុងស្រុក មានសមត្ថភាពប្រែក្លាយកាកសំណល់ឱ្យទៅជាមាសប្រាក់ និងជាផលិតផលបម្រើឱ្យតម្រូវការទីផ្សារយ៉ាងមានប្រសិទ្ធភាព។ កន្លងមកក៏ធ្លាប់មានប្រទេសមួយ បានបង្ហាញពីមោទណៈភាពរបស់ខ្លួនថា ប្រទេសកម្ពុជាយើង បើគ្មានផលិតផលរបស់គេ យើងនិងគ្មានសម្ភារៈសំរាប់ប្រើប្រាស់ប្រចាំថ្ងៃទេ តែផ្ទុយទៅវិញកម្ពុជាយើងអាចឈរជើងបាន និងមានផលិតផលដែលជាស្នាដៃរបស់ខ្លួន អាចផ្គត់ផ្គង់លើទីផ្សារបានថែមទៀត។

ជាចុងក្រោយ ឯកឧត្តមអភិបាលខេត្ត វ៉ី សំណាង ក៏បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ដាវី ស៉ីអេច អ៉ីមផត អិចផត ឯ.ក វាជាសក្ខីភាពមួយបង្ហាញពីការរីកចម្រើននៃវិស័យឧស្សាហកម្មកែច្នៃនៅកម្ពុជា ដែលដើរស្របតាមគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង និងការគាំទ្រផលិតផល ដែលផលិតនៅកម្ពុជា៕