ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីបង្ហាញលទ្ធផលនៃការសិក្សាលើវិស័យឧស្សាហកម្មកែច្នៃកសិផល និងឧស្សាហកម្មយានយន្តអគ្គិសនីដែលជាវិស័យអាទិភាពសម្រាប់អនាគតនៅកម្ពុជា ព្រមទាំងប្រមូលធាតុចូលក្នុងទិសដៅរៀបចំកម្លាំងពលកម្មកម្ពុជាឱ្យឆ្លើយតបនឹងតម្រូវការឧស្សាហកម្ម និងទីផ្សារការងារសម្រាប់គាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។

សិក្ខាសាលានេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារ Rosewood Phnom Penh ក្រោមអធិបតីភាព លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងមានការចូលរួមពី លោកស្រី យ៉ាស្មីន ស៊ីឌីគី (Yasmin Siddiqi) នាយិកា ADB ប្រចាំកម្ពុជា តំណាងរាជរដ្ឋាភិបាល អ្នកដឹកនាំវិស័យឧស្សាហកម្ម គ្រឹះស្ថានបណ្តុះបណ្តាល និងដៃគូអភិវឌ្ឍន៍ជាច្រើនរូប។

នៅក្នុងឱកាសនោះ លោករដ្ឋមន្រ្ដីបានថ្លែងអំណរគុណធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចំពោះភាពជាដៃគូដ៏រឹងមាំ ការគាំទ្រផ្នែកបច្ចេកទេសក្នុងការអនុវត្តការសិក្សាដ៏សំខាន់នេះ និងជំរុញការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ហើយការរៀបចំសិក្ខាសាលានេះគឺពិតជាចំពេលវេលា ដែលបង្ហាញពីការប្តេជ្ញាចិត្តរួមក្នុងការកសាងកម្លាំងពលកម្មដែលមានភាពបត់បែន មានសមត្ថភាព និងត្រៀមខ្លួនសម្រាប់អនាគត ដើម្បីជំរុញការផ្លាស់ប្តូរឧស្សាហកម្មកម្ពុជា ជាពិសេសក្នុងវិស័យកែច្នៃកសិផលកម្រិតខ្ពស់ និងវិស័យយានយន្តអគ្គិសនី។ លើសពីនេះ គំនិតផ្តួចផ្តើមនេះក៏ស៊ីចង្វាក់ជាមួយក្របខ័ណ្ឌអភិវឌ្ឍន៍ជាតិ ខណៈការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាកំពុងកើនឡើងដែលបញ្ជាក់ពីតម្រូវការបន្ទាន់ក្នុងការបំពាក់កម្លាំងពលកម្មនូវជំនាញបច្ចេកទេសកម្រិតខ្ពស់ ដើម្បីគាំទ្រ ផ្តល់សេវា និងធានានិរន្តរភាពដល់ទីផ្សារដែលកំពុងផ្លាស់ប្តូរ។
លោក ហេង សួរបានបន្ដថា ដើម្បីសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ កម្ពុជាមិនអាចពឹងផ្អែកតែលើកត្តាជំរុញកំណើនបែបប្រពៃណីនេះទេ គឺត្រូវធ្វើពិពិធកម្ម ទំនើបកម្ម និងឈានឡើងក្នុងខ្សែច្រវាក់តម្លៃសកល។ ទន្ទឹមនឹងការអភិវឌ្ឍការធ្វើដំណើរប្រកបដោយថាមពលបៃតង កម្ពុជាក៏កំពុងដឹកនាំបដិវត្តន៍ឧស្សាហកម្មកសិកម្មដ៏ទូលំទូលាយនៅទូទាំងប្រទេសផងដែរ។ ដូចដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការកសាងសមត្ថភាពកែច្នៃក្នុងស្រុកដ៏រឹងមាំ មិនមែនគ្រាន់តែជាគោលដៅសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែជាកាតព្វកិច្ចយុទ្ធសាស្ត្រមួយ។ នេះគឺជាស្ពានភ្ជាប់មរតកកសិកម្មទៅនឹងសមត្ថភាពឧស្សាហកម្មទំនើប ដោយផ្តល់អំណាចដល់សហគ្រិនក្នុងស្រុក និងធ្វើឱ្យកម្ពុជាក្លាយជាប្រទេសនាំចេញទំនិញមានតម្លៃបន្ថែមខ្ពស់ដែលពិភពលោកអាចទុកចិត្តបាន។
លោកគូសបញ្ជាក់ថា ការប្រែក្លាយយុវជនទៅជាកម្លាំងពលកម្មដែលមានជំនាញខ្ពស់ និងត្រៀមខ្លួនសម្រាប់អនាគត ជាពិសេសក្នុងវិស័យយានយន្តអគ្គិសនី និងវិស័យកែច្នៃកសិផល ជាអាទិភាពដ៏សំខាន់បំផុតសម្រាប់ចក្ខុវិស័យសេដ្ឋកិច្ចជាតិ។ ហេតុនេះ កម្ពុជាកំពុងពន្លឿនការធ្វើទំនើបកម្មប្រព័ន្ធ TVET បន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការឧស្សាហកម្ម និងការផ្លាស់ប្តូរបច្ចេកវិទ្យា ដើម្បីជួយបិទគម្លាតរវាងការអប់រំ និងការងារ ពង្រឹងគុណភាពស្ថាប័ន TVET និងផ្តល់ជំនាញត្រៀមសម្រាប់អនាគតដល់យុវជន។
លោករដ្ឋមន្រ្ដីជឿជាក់យ៉ាងមុតមាំថា តាមរយៈកិច្ចសហការរវាងរដ្ឋាភិបាល ស្ថាប័ន TVET និងវិស័យឯកជន កម្ពុជាអាចកសាងប្រព័ន្ធ TVET ដែលឆ្លើយតបនឹងតម្រូវការទីផ្សារ បង្កើនភាពប្រកួតប្រជែងរបស់កម្លាំងពលកម្ម និងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព អព្យាក្រឹតកាបូន និងសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ជាមួយគ្នានេះ លោកស្រី យ៉ាស្មីន ស៊ីឌីគី នាយិកា ADB ប្រចាំកម្ពុជា បានលើកឡើងថា វិស័យទាំងពីរនេះផ្តល់ឱកាសយ៉ាងធំធេងសម្រាប់កម្ពុជាក្នុងការឈានទៅរកការផលិតដែលមានតម្លៃបន្ថែមខ្ពស់។ ADB បានប្តេជ្ញាចិត្តបន្តគាំទ្រកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស ការធ្វើបច្ចុប្បន្នភាពប្រព័ន្ធជំនាញ និងការបំពាក់បំប៉នជំនាញបច្ចេកទេស និងឌីជីថល ដល់កម្លាំងពលកម្ម ដើម្បីលើកកម្ពស់សេដ្ឋកិច្ចបៃតង និងភាពប្រកួតប្រជែងរបស់កម្ពុជា៕




