សម្តេចតេជោ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នឹងជំរុញដល់ការធ្វើពាណិជ្ជកម្មទាំងក្នុង និងក្រៅអាស៊ាន

សង្គម​និង​សេដ្ឋកិច្ច

ក្នុងឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២ កាលថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញក្ដីរំពឹងថា កិច្ច ព្រម ព្រៀង ពាណិជ្ជកម្ម សេរី​ដ៏ធំនេះ នឹងជំរុញដល់ការធ្វើពាណិជ្ជកម្មទាំងក្នុង និងក្រៅអាស៊ាន​ក៏​ដូច​ជា ធ្វើ​ឲ្យ​កាន់​តែ​ទូលំ​ទូលាយ​ថែម​ទៀត នូវសមាហរណកម្មសេដ្ឋកិច្ចតំបន់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមយកឱកាសនេះ គូសបញ្ជាក់ថា កិច្ច​ព្រម​ព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) គឺជាសមិទ្ធផលមួយដ៏សំខាន់របស់ អា​ស៊ាន​ ដោយ​យើងបានខិតខំប្រឹងប្រែងរួមគ្នាក្នុងការបើកទូលាយសេដ្ឋកិច្ច ព្រម​ទាំង​ធ្វើ​ពិពិធកម្ម​ទី​ផ្សារ​តំបន់​របស់យើង។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំនេះ នឹង​ជំរុញ​ដល់​ការ​ធ្វើ​ពាណិជ្ជកម្មទាំងក្នុង និង ក្រៅអាស៊ាន ក៏​ដូច​ជា​ធ្វើ​ឱ្យ​កាន់​តែ​ទូលំ​ទូលាយ​ថែម​ទៀត​នូវ​សមាហរណកម្ម​សេដ្ឋកិច្ចតំបន់»។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានទាញចំណាប់អារម្មណ៍ថា ទោះបីជាវិបត្តិនៃជំងឺកូវីដ-១៩ ជាសកល កំពុងស្រាកស្រាន្ដគួរឲ្យកត់សម្គាល់, ស្ថានភាព និងទស្សនវិស័យសេដ្ឋកិច្ចសកល នៅ​តែមាន​ភាពផុយស្រួយ និង ងាយរងនូវវិបត្តិថ្មី, ដោយយើងនៅបន្តប្រឈមនឹងបញ្ហាថ្មីៗ និង កាន់តែស្មុគស្មាញ ដែលកំពុងកើតឡើងជាបន្តបន្ទាប់, ទាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ច, សង្គម, បរិស្ថាន និង​ភូមិ​សាស្ត្រ​នយោបាយ​។

បន្ថែមលើនេះ ក្នុងនាមជាប្រធានអាស៊ាន សម្តេចតេជោ អះអាង អាស៊ាន​ក៏​ត្រូវធ្វើ​ឱ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត​នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និង​កិច្ចព្រម​ព្រៀង​ភាព​ជា​ដៃ​គូសេដ្ឋកិច្ច​គ្រប់ជ្រុង​ជ្រោយ​នានា​ដែលមានស្រាប់ សំដៅធានាថា កិច្ចព្រមព្រៀងទាំងនោះនៅតែរក្សាបាននូវទំនើបកម្ម, ទាន់សម័យ, មាន​លក្ខណៈកាន់តែប្រសើរ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះនិន្នាការធុរកិច្ច និង​ការ​វិនិយោគ​នា​បច្ចុប្បន្នផងដែរ៕